ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រាសាទសំបូរព្រៃគុកក្នុងរដូវកាលបៃតងប្រៀបបីដូចជាឋានសួគ៌លើដីផុសឡើងកណ្ដាលព្រៃធម្មជាតិ។
សម្រស់ដ៏ស្រស់ត្រកាលនៃប្រាសាទបុរាណដ៏ល្អឯកមួយនេះ ហាក់កំពុងទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចង់ទៅទស្សនា ជាពិសេសក្នុងរដូវកាលនេះតែម្ដង។
រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុកបានបង្ហាញសម្រស់ដ៏ស្រស់ត្រកាលទាក់គួរឱ្យរំភើបចិត្ត។ ប្រាង្គប្រាសាទដែលឈរបង្ហាញភាពរឹងមាំកណ្ដាលព្រៃព្រឹក្សាពណ៌បៃតងធម្មជាតិបានធ្វើឱ្យអ្នកទេសចរបានឃើញមានចិត្តជ្រួលជ្រើមចង់ទៅទស្សនាហោចណាស់ឱ្យបានម្ដងដែរ។

សូមបញ្ជាក់ជូនផងដែរថា ប្រាសាទសំបូរព្រៃគុក គឺជាតំបន់ប្រាសាទមួយក្នុងចំណោមប្រាសាទចំណាស់ដែលបន្សល់ទុកពីបុព្វបុរសខ្មែរជំនាន់ដើមក្នុងប្រទេសកម្ពុជា ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០១៧។
តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឦសានបុរៈ កាលពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រហ្មញ្ញសាសនា។