នារសៀលថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ «THE BEST OF INDIA EXPO 2025» ដែលមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម Vanlalvawna Bawilung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន មន្ត្រីស្ថានទូត និងប្រធានសភាធុរកិច្ចឥណ្ឌានៅកម្ពុជា ប្រធានសភាពាណិជ្ជកម្មឥណ្ឌា ប្រធានសមាគមឥណ្ឌានៅកម្ពុជា និងតំណាងក្រុមហ៊ុនឥណ្ឌា ជាច្រើនរូប។
ព្រឹត្តិការណ៍ពិព័រណ៍នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា។
ពិព័រណ៍នេះ បានស្តែងឱ្យឃើញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ជួយបង្កើនតម្លៃបន្ថែម និងនាំមកនូវកាលានុវត្តភាពរួមគ្នាលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ព្រមទាំងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរផងដែរ។

ពិព័រណ៍នេះបានប្រមូលផ្តុំនូវអាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងអាជីករដែលនាំចេញផលិតផលទៅកាន់ទីផ្សារពិភពលោករបស់ប្រទេសឥណ្ឌាដ៏ល្បីល្បាញជាង 50 ប្រភេទ ហើយក៏បានផ្តល់ជូនប្រជាជនកម្ពុជានូវបទពិសោធន៍ដ៏សម្បូរបែបនៃពាណិជ្ជកម្ម និងការច្នៃប្រឌិតរបស់ប្រទេសឥណ្ឌា។
ជាពិសេសលើប្រភេទផលិតផលសម្លៀកបំពាក់ សិប្បកម្ម ព្រំ គ្រឿងអលង្ការ សម្ភារៈតុបតែងផ្ទះ ប្រដាប់ប្រដាក្មេងលេង និងផលិតផលពិសេស “ភូមិមួយ ផលិតផលមួយ” របស់ប្រទេសឥណ្ឌា។