លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទីរបស់ធនាគារកណ្ដាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល” នៅក្នុងសន្និសីទ Banking Summit Asia របស់ស្ថាប័នព័ត៌មានហិរញ្ញវត្ថុដ៏ល្បីលើពិភពលោក Financial Times នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នៅទីក្រុងហុងកុង ប្រទេសចិន។
នៅក្នុងកម្មវិធីដែលមានការចូលរួមពីនាយកប្រតិបត្តិជាន់ខ្ពស់នៃធនាគារធំៗនៅក្នុងតំបន់អាស៊ីនេះ លោកជំទាវបានចែករំលែកពីបទពិសោធរបស់កម្ពុជាក្នុងការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ និងរំលេចពីអត្ថប្រយោជន៍នៃការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាពិសេសនៅតំបន់ជនបទ។
បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងពីការអភិវឌ្ឍនិងការប្រើប្រាស់យ៉ាងទូលំទូលាយនូវប្រព័ន្ធទូទាត់បាគង ដែលអនុញ្ញាតឱ្យកម្ពុជាឈានជើងចេញពីការទូទាត់បែបប្រពៃណី និងវិវត្តន៍ឆ្ពោះទៅការទូទាត់បែបទំនើបតាមបច្ចេកវិទ្យាចុងក្រោយ សំដៅជួយជំរុញនិងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងសេវាធនាគារឌីជីថល។ នាឱកាសនោះដែរ លោកជំទាវ ក៏បានទាញចំណាប់អារម្មណ៍វិនិយោគិនស្ថាប័នធំៗអំពីសក្តានុពលវិនិយោគនៅកម្ពុជាផងដែរ។
