ស្នាមកន្ទួលតូចៗ ឬគេហៅ Strawberry Skin តែងកើតមានក្រោយពេលអ្នកកោររោមដៃ ឬរោមជើងរួច។ វាកើតឡើងដោយសារតែស្ទះរន្ធរោម ឬរន្ធរោមរីកធំ បង្កឱ្យមានអាការៈរមាស់ និងឈឺចាប់បន្តិចបន្តួច។
កាលណា មានបញ្ហាបែបនេះ ច្បាស់ណាស់ស្រីៗនឹងបាត់បំបង់ទំនុកលើខ្លួនឯង មិនហ៊ានស្លៀកខោ ឬសំពត់ខ្លីចេញទៅក្រៅឡើយ ដូច្នេះ មានតែកម្ចាត់បញ្ហានេះជាមួយរូបមន្តងាយៗ បង្កើនទំនុកចិត្តស្លៀកខ្លីមកវិញ។
ដើម្បីចៀសវាងបញ្ហា Strawberry Skin ស្រីៗគួរណា ស្ក្រាប់ស្បែក ស្រីៗអាចសាកវិធីសាស្រ្ត ខាងក្រោមនេះ៖

- មុនពេលកោរ៖
- ជម្រុះកោសិកាស្បែកចាស់ៗ (Exfoliate)៖ ធ្វើការស្ក្រាប់ជម្រុះកោសិកាស្បែកចាស់ៗ ដោយថ្នមៗ ដើម្បីធានាថាស្បែករបស់អ្នកស្អាតហើយ សឹមកោរ។ កាលណាអ្នកមិនបានជម្រុះកោសិកាចាស់ៗចោលមុនទេ វានឹងធ្វើឱ្យស្ទះរន្ធរោម បង្កទៅជាបញ្ហាកន្ទួលរមាស់ក្រោយកោររួច។
- កំឡុងពេលកោរ
- ប្រើប្រាស់ក្រែម ឬជែលសម្រាប់កោរ៖ កុំកោរទាំងទទេ អ្នកគួរប្រើប្រាស់ប្រភេទក្រែមកោរ ឬជែលដែលមានជាតិសំណើមខ្ពស់ ដើម្បីបង្កើនភាពរលោងនៅពេលកោរ។
- ប្រើឡាមមុត ៖ ឧស្សាហ៍ផ្លាស់ប្តូរមុខឡាមប្តូរឡាមរបស់អ្នកឱ្យបានទៀងទាត់ និងប្រើប្រភេទឡាមគុណភាពខ្ពស់ ទើបមិនបង្កការរលាក។
- កុំកោរបញ្ច្រាស់រន្ធរោម៖ សូមកុំកោរបញ្ច្រាស់រន្ធរោម អ្នកត្រូវកោរស្របទៅតាមទិសដៅដែលរោមដុះ។
- ក្រោយកោររួច៖
- ជូតថ្នមៗ៖ បន្ទាប់ពីលាងសម្អាតរួច ជូតដៃ ឬជើងរបស់អ្នកថ្នមៗដោយកន្សែង ចៀសវាងកុំត្រដុសខ្លាំងៗ។
- លាបឡេ ឬក្រែមផ្តល់សំណើម៖ លាបឡេ ឬក្រែមផ្តល់សំណើមដល់ស្បែក ដើម្បីជួយការពារភាពស្ងួត ដែលអាចធ្វើឱ្យស្បែកឡើងកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)។