ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងចាប់ផ្តើមបើកការហោះហើរត្រង់ពីទីក្រុង Istanbul មកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់មើលឃើញពីសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លា ដែលជាទីផ្សារទើបនឹងរះភ្លឺចែងចាំងរបស់កម្ពុជា។
ការទាក់ទាញបាននូវជើងហោះហើរពីទីក្រុង Istanbul គឺក្រោយមានវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោដ៏ទំនើប ដែលជាសមិទ្ធិផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ការតភ្ជាប់ជើងហោះហើរថ្មីនេះ គឺជាសមិទ្ធផលថ្មីក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការខិតខំប្រឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ។
បើតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ការហោះហើរត្រង់នេះ បង្កឱ្យមានលក្ខណៈងាយស្រួលក្នុងការតភ្ជាប់ទៅតំបន់អឺរ៉ុប តាមរយៈទីក្រុង Istanbul ប្រទេសតួកគីយ៉េ ដែលជាមជ្ឈមណ្ឌលនៃការតភ្ជាប់ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប យ៉ាងងាយស្រួល។
ការសម្រេចបើកការហោះហើរត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា កាន់តែច្រើនឡើង។

ខ្មែរ
English







