ព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១” ក្រោមប្រធានបទ “ខួប១០ឆ្នាំ នៃការបញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ” រៀបចំឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណជុំវិញរូបសំណាក តេជោមាស តេជោយ៉ត (តាមបណ្តោយផ្លូវ Walk Street)។
ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ រៀបចំឡើងក្នុងគោលបំណងថែរក្សា អភិរក្ស និងអភិវឌ្ឍ បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា ក៏ដូចជាអបអរសាទរមរតកវប្បធម៌អរូបីទាំង ៧ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
ព្រឹត្តិការណ៍ទាំងពីរថ្ងៃនេះ បានបើកបង្ហាញអំពីបេតិកភណ្ឌអរូបីនៃមនុស្សជាតិទាំងពីរ និងមរតកវប្បធម៌អរូបីសំខាន់ៗដទៃទៀតមានដូចជា “សិល្បៈការចាក់ចេក” “សិប្បកម្មសហគមន៍គួយហៃ” “សិប្បកម្មសហគមន៍ក្រម៉ាត្រុំ” ជាដើម។

បន្ថែមពីនេះ នៅក្នុងកម្មវិធីក៏មានការសម្ដែងទស្សនីយភាពល្ខោនបុរាណពៅលស្រីវត្តកៀនស្វាយក្រៅ “រឿងលិនថោង” ការសម្ដែងរបស់ក្រុមហីកេគួយហៃ “រឿងផ្ការាំទឹករាំ” បទបង្ហាញស្ដីពីល្ខោនខោលវត្តស្វាយអណ្តែត និងការបង្ហាញឈុតខ្លី “អវសានក្រុងរាពណ៌” ការសម្ដែងទស្សនីយភាពចាប៉ីដងវែង ការសម្ដែងទស្សនីយភាពល្ខោនស្រមោលស្បែក (រឿងរាមកេរ្តិ៍) ការសម្ដែងរបាំព្រះរាជទ្រព្យ ក្បាច់គុនល្បុក្កតោ និងការសម្ដែងល្ខោនខោលវត្តស្វាយអណ្តែត (រឿងរាមកេរ្តិ៍) និងសកម្មភាពទាញព្រ័ត្រ។
នៅតាមស្ដង់នីមួយៗ បានរួមបញ្ចូលនូវសកម្មភាពផ្សេងៗរបស់សហគមន៍នីមួយៗ ការលេងល្បែងកំសាន្ត និងមានការសម្ដែងទស្សនីយភាពនានានៃមរតកវប្បធម៌អរូបី ជូនអ្នកទស្សនាផងដែរ។

ខ្មែរ
English







