តើជំងឺទឹកនោមផ្អែមជាអ្វី?
នៅពេលរាងកាយរំលាយអាហារ វាផ្តល់ជាតិស្ករទៅក្នុងឈាមរបស់យើង។ ជាតិស្ករនេះត្រូវបានហៅថា គ្លុយកូស ហើយរាងកាយរបស់យើងប្រើប្រាស់វាដើម្បីទាញយកនូវថាមពលដែលយើងត្រូវការ។ អាហារផ្អែមក្លាយទៅជាគ្លុយកូស ប៉ុន្តែអាហារដទៃទៀតក៏ក្លាយទៅជាគ្លុយកូសផងដែរ ជាពិសេសអាហារជាតិម្សៅរួមមាន បាយ ដំឡូង នំបុ័ង ឬរបបអាហារផ្សេងទៀតដែលធ្វើពីស្រូវសាឡី។
ជំងឺទឹកនោមផ្អែម មានន័យថាជាការមានជាតិស្ករច្រើនពេកនៅក្នុងឈាម។ ជាតិស្ករកាន់តែកើនឡើងនៅក្នុងឈាម គឺកាន់តែបង្កផលប៉ះពាល់កាន់តែអាក្រក់ដល់រាងកាយ។
បៀមនំបុ័ងសមួយដុំនៅក្នុងមាត់។ តើអ្នកអាចដឹងថាវាមានរសជាតិផ្អែមយ៉ាងណា?
ប្រភេទនៃជំងឺទឹកនោមផ្អែមដែលឃើញកើតមានញឹកញាប់បំផុតនោះគឺ ជំងឺទឹកនោមផ្អែមប្រភេទទី២។ ជំងឺទឹកនោមផ្អែមប្រភេទទី២ បង្កើនជាចម្បងដោយកង្វះសកម្មភាពរាងកាយ, ការបរិភោគអាហារមិនល្អ ជាពិសេសអាហារកញ្ចប់និងអាហារកៃច្នៃ រួមទាំងការកើនឡើងនៃកម្រិតស្រ្តេសព្រមទាំងវិសមភាពនៅក្នុងជីវិតរស់នៅ។ ជំងឺទឹកនោមផ្អែមជា ជំងឺ “រ៉ាំរ៉ៃ” មានន័យថាថាវាអាចមានស្ថានភាពប្រសើរ ឬកាន់តែធ្ងន់ធ្ងរ ប៉ុន្តែវាមិនជាសះស្បើយទេ។
ដើម្បីរស់នៅឱ្យបានប្រសើរជាមួយនឹងជំងឺទឹកនោមផ្អែម កត្តាសំខាន់គឺត្រូវចេះគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នក។ ជំងឺទឹកនោមផ្អែមមានគ្រោះថ្នាក់ណាស់ព្រោះបើកម្រិតជាតិស្ករខ្ពស់ គឺអាចបណ្តាលឱ្យមានបញ្ហាផ្សេងៗ ដូចជាងងឹតភ្នែក បាត់បង់អវយវៈ បាត់បង់សមត្ថភាពរួមភេទ ដាច់សសៃរឈាមខួរក្បាលឬស្លាប់ទៀតផង។ នៅពេលរក្សាកម្រិតជាតិស្ករឱ្យនៅទាប យើងអាចជៀសវាងបញ្ហាទាំងនេះបានច្រើន ហើយអ្នកអាចប្រកបរបរផ្សេងៗក្នុងជីវិតនិងរស់នៅបានដោយសុខភាពប្រសើរ។
សញ្ញានៃជំងឺទឹកនោមផ្អែម
ជារឿយៗ សញ្ញាដំបូងៗនៃជំងឺទឹកនោមផ្អែម គឺអាចនឹងពិបាកសម្គាល់ណាស់។ ជួនកាល វាមិនបង្ហាញសញ្ញាអ្វីទាំងអស់។ មនុស្សជាច្រើនមានជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួនទៀតផង។
សញ្ញាដែលអាចបណ្តាលមកពីជំងឺទឹកនោមផ្អែម ៖
- ស្រេកទឹក
- នោមញឹកញាប់
- ស្រវាំងភ្នែក
- គ្មានកម្លាំង ឬឆាប់ហត់
- របួសមិនងាយជា
- ស្ពឹកជើង
- មេរោគផ្សិត Candida កើតឡើងដដែលៗចំពោះស្រ្តី
សញ្ញាទាំងនេះកើតឡើងជាញឹកញាប់នៅក្នុងបញ្ហាសុខភាពជាច្រើន។ដូច្នេះអ្នកមិនអាចសន្និដ្ឋានថាមនុស្សម្នាក់មានជំងឺទឹកនោមផ្អែមដោយផ្អែកលើតែសញ្ញាទាំងនេះបាននោះទេ។ អ្នកត្រូវធ្វើតេស្តឈាម ដើម្បីឱ្យដឹងច្បាស់។
សញ្ញាគ្រោះថ្នាក់
នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ពេក វាអាចបណ្តាលឱ្យ ៖
- ស្រេកទឹកជាខ្លាំង
- ខ្សោយ និងងងងុយគេងជាខ្លាំង
- វង្វេង
- ឃ្លានខុសប្រក្រតី
- ស្រកទំងន់ បើទោះបីជាបរិភោគគ្រប់គ្រាន់ក៏ដោយ
អ្នកដែលមានសញ្ញាទាំងនេះ គួរតែធ្វើតេស្តនិងទទួលការព្យាបាលយ៉ាងឆាប់រហ័ស។ អ្នកអាចនឹងស្លាប់ដោយសារកម្រិតជាតិស្ករខ្ពស់ពេក ប្រសិនបើមិនបានទទួលកាលព្យាបាលទេ។
បញ្ហានានាបង្កឡើងដោយជំងឺទឹកនោមផ្អែមដែលមិនត្រូវបានគ្រប់គ្រង
ប្រសិនបើអ្នកមិនបានព្យាបាលជំងឺទឹកនោមផ្អែមរាប់ខែ ឬរាប់ឆ្នាំ នោះកម្រិតជាតិស្ករឡើងខ្ពស់វាអាចបំផ្លាញដល់សិរីរាង្គ សរសៃប្រសាទ និងសរសៃឈាម។ បែបនេះបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរនៅក្នុងរាងកាយដែលអាចបង្កគ្រោះថ្នាក់ជាអចិន្ត្រៃយ៍ ឬស្លាប់ទៀតផង។
- ដាច់សរសៃឈាមខួរក្បាល (ខ្វិន)
- ងងឹតភ្នែក
- ជំងឺអញ្ចាញធ្មេញ បាក់ធ្មេញ
- គាំងបេះដូង
- វិបត្តិក្រលៀន
- ការបង្ករោគលើស្បែកដែលមិនសះស្បើយ និងដំបៅកាន់តែរីកទៅៗ
- ភាពស្ពឹក ឬឈឺចាប់ (ជំងឺប្រព័ន្ធប្រសៃប្រសាទ)
- បាត់បង់ចំណង់ផ្លូវភេទ ការរួមភេទមានការឈឺចាប់
- ចំពោះបុរស៖ លិង្គមិនឡើងរឹង
- ចំពោះស្រ្តី៖ មេរោគផ្សិត Candida នៅទ្វាមាស
ជាតិស្ករនៅក្នុងឈាម អាចបណ្តាលឱ្យខូចសរសៃប្រសាទ។ មនុស្សជាច្រើនដែលមានកម្រិតជាតិស្ករខ្ពស់ ចាប់ផ្តើមនាបអារម្មណ៍ឈឺចាប់នៅក្នុងជើង ឬស្ពឹកជើង។ វាក៏បង្កបញ្ហាពាក់ព័ន្ធនឹងចរន្តឈាមរត់ផងដែរ ដែលអាចធ្វើឱ្យកើតមានដំបៅលើស្បែក មិនសះស្បើយ និងសះយឺតយ៉ាវ។ ពួកគេអាចនឹងអស់កម្លាំងយ៉ាងឆាប់រហ័ស។ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចបំផ្លាញដល់ភ្នែកនិងក្រលៀន ធ្វើឱ្យដំណើរការមិនបានល្អ ឬឈប់ដំណើរការតែម្តង។