ស្ត្រីខ្មែរមួយរូប គឺអ្នកស្រី សែម ណាវី ដែលបច្ចុប្បន្នជាសហគ្រិនស្ត្រីមួយរូបនៅប្រទេសជប៉ុន បានបង្ហាញមហិច្ឆតាមួយ គឺចង់កសាងរោងចក្រកែច្នៃមួយនៅក្នុងស្រុក ដែលមានលទ្ធភាពអាចរកប្រាក់ចំណេញ និងបង់ពន្ធជូនរដ្ឋខ្ទង់លានដុល្លារអាមេរិក។
អ្នកស្រី សែម ណាវី បច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុនមួយនៅជប៉ុន គឺ Sisyphus.inc ជាក្រុមហ៊ុន ផ្ដត់ផ្ដង់វត្ថុធាតុដើមសម្រាប់ផលិតផលិតផលថែរក្សាសម្ផស្ស រួមទាំងផលិតផលសម្រេចផ្នែកសម្ផស្សដែរ។
ក្រុមហ៊ុនអ្នកស្រី ចែកចាយវត្ថុធាតុដើមទៅប្រទេសជាច្រើនក្នុងតំបន់ មានដូចជា វៀតណាម ថៃ ម៉ាឡេស៊ី ចិនជាដើម។ ចំពោះវត្ថុធាតុដើមដែលមានចែកចាយដោយក្រុមហ៊ុន Sisyphus.inc គឺនាំចូលពីប្រទេសមួយចំនួន មាន ជប៉ុន ថៃ ជាដើម ប៉ុន្តែមិនមានវត្ថុធាតុដើមចេញពីកម្ពុជានោះទេ។
ត្រង់ចំណុចនេះហើយ ស្ត្រីខ្មែរវ័យ ៣៩ឆ្នាំរូបនេះ មើលឃើញថា កម្ពុជានៅមានអំណោយផលច្រើន ពីព្រោះមិនទាន់មានវត្ថុធាតុដើមត្រូវបានផលិតចេញពីបន្លែផ្លែឈើនៅក្នុងស្រុកនោះទេ ហើយនេះជាមូលហេតុដែលអ្នកស្រី ចង់បង្កើតរោងចក្រកែច្នៃវត្ថុធាតុដើមនៅក្នុងប្រទេសកំណើតដោយផ្ទាល់។
អ្នកស្រីថ្លែងថា៖ “ក្តីស្រមៃខ្ញុំដ៏ធំមួយគឺ ចង់ឃើញប្រទេសខ្លួនមានផលិតផលខ្លួនប្រើវត្ថុធាតុដើមរបស់ខ្លួន ហើយអាចជួយដល់បងប្អូនកសិករក្នុងប្រទេសខ្លួន ហើយជាផលិតផលប្រកបដោយស្តង់ដាអន្តរជាតិ ដែលអាចឈរឈ្មោះនៅប្រទេសក្រៅបាន…”។
អ្នកស្រីបន្តថា គំនិតនេះ ក៏ចង់ចូលរួមដោះសា្រយបញ្ហារបស់បងប្អូនប្រជាកសិករជាច្រើន ដែលកសិផលធ្វើបានហើយ តែពិបាករកទីផ្សារផងដែរ។
យ៉ាងណា អ្នកស្រីបញ្ជាក់ថា ឧបសគ្គដ៏ធំនោះ គឺថាអ្នកស្រី មិនមានលទ្ធភាពខ្លួនឯងនោះទេ ពោលគឺត្រូវការដៃគូវិនិយោគ។
“ខ្ញុំមានគំនិតតែខ្វះដៃគូសហការ ខ្ញុំចង់សហការជាមួយអ្នកដែលមានធនធាននៅស្រុកខ្មែរ ដើម្បីមានរោងចក្រធនល្មមមួយ ហើយយើងអាចប្រមូលទិញបន្លែផ្លែឈើក្នុងស្រុក យកធ្វើជាផលិតក្នុងស្រុកមួយថ្មីទៀត ដើម្បីលក់ក្នុងស្រុករឺនាំចេញទៅក្រៅប្រទេសផងដែរ។
អ្នកស្រី បញ្ជាក់ថា អ្នកស្រីមានគំនិត និងមានលទ្ធភាពក្នុងការរកក្រុមហ៊ុនដៃគូជប៉ុនជួយលើផ្នែកបច្ចេកទេសជំនាញ ដើម្បីសម្រួលដល់ដំណើរការ តែអ្វីដែលខ្វះ គឺទុនវិនិយោគ។ ដូច្នេះ ប្រសិនបើលោកឧកញ៉ា អ្នកឧកញ៉ា ឬអ្នកធនធានណា មានឆន្ទៈចង់លើកស្ទួយឧស្សាហកម្មក្នុងស្រុក ចង់ជួយកសិករ ចង់ជួយជាតិ អ្នកស្រីស្វាគមន៍ដោយក្ដីរីករាយ។
តាមអ្នកស្រី សែម ណាវី បានឲ្យដឹងថា ថៃគឺជាប្រទេសឈានមុខគេក្នុងតំបន់ ដែលអាចរកបានរាប់លានដុល្លារក្នុង១ឆ្នាំៗ ពីការនាំចេញវត្ថុធាតុដើមកែច្នៃពីបន្លែផ្លែឈើក្នុងស្រុកគេ ហើយអ្នកស្រី ចង់ឃើញវត្ថុធាតុដើមផលិតចេញបន្លែផ្លែឈើខ្មែរ នាំចេញទៅកាន់ទីផ្សារអន្តរជាតិដែរ៕