វិស័យកសិកម្មរបស់កម្ពុជា បាន និងកំពុងញុំាញីរឿងកសិករដាំដុះបានកសិផលហើយ តែពិបាករកទីផ្សារ ឬក៏ថាមានទីផ្សារហើយតែតម្លៃទាបពេកជាដើម។ ឥឡូវនេះឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មបានផ្ដល់គន្លឹះ៤សំខាន់ ដើម្បីជួយស្រាយបញ្ហានេះ។
អ្នកនាំពាក្យរូបនេះ ចេញមកចែករំលែកគន្លឹះកសិកម្ម ក្រោយពីបានឃើញវីដេអូមួយ ដែលនិយាយពីកសិករដាំល្ហុងមួយនៅខេត្តកំពង់ស្ពឺ។ បទពិសោធន៍របស់កសិករដំណាំល្ហុងរូបនោះ ជាគំរូរសម្រាប់កសិករទូទៅ សម្រាប់សម្រួលដល់ទីផ្សារកសិផលរបស់ខ្លួន។
គន្លឹះទាំងនោះឯកឧត្តមបានចែករំលែកថា៖
– «ដាំលក់ ខុសពីដាំហូប»៖ ការដាំដំណាំក្នុងហេតុផលពាណិជ្ជកម្មគួរធ្វើឡើងក្រោមទម្រង់ជាសហគមន៍ ជាជាងការដាំជាលក្ខណៈគ្រួសារ ដើម្បីធានាឱ្យបានថា ថ្លៃដើមផលិតទាប គុណភាពមានស្តង់ដា និងបរិមាណផ្គត់ផ្គង់មានស្ថេរភាព។
– «លក់មុនដាំ»៖ ការធ្វើកសិកម្មក្នុងទ្រង់ទ្រាយពាណិជ្ជកម្ម ទាមទារឱ្យមានការភ្ជាប់ទៅកាន់ទីផ្សារឱ្យបានមុនការផលិត ជាជាងផលិតហើយទើបដើររកអ្នកទិញ។ កិច្ចសន្យាកសិកម្ម និងការរៀបចំផែនការអាជីវកម្មទុកជាមុន គឺជាចំណុចខ្លាំងនៃការធ្វើកសិកម្មជាសហគមន៍ ដែលអាចជួយកាត់បន្ថយហានិភ័យទីផ្សារបាន។
– «សេដ្ឋកិច្ចទីផ្សារ និងការប្រែប្រួលនៃថ្លៃ»៖ ថ្លៃកសិផលតែងប្រែប្រួលទៅតាមរដូវកាល និងចំនួននៃអ្នកដាំ(ការផ្គត់ផ្គង់) និងអ្នកទិញ(តម្រូវការ) មិនមែនដោយសារអ្នកណាកំណត់ឡើយ។ កសិករអាចរៀនសង្កេតពីការប្រែប្រួលនេះ ស្វែងរកព័ត៌មានជាប្រចាំ និងគួរបត់បែនទៅតាមស្ថានភាពទីផ្សារ។
– «កសិករ និងសហគ្រិនភាព»៖ ការវិចខ្ចប់ ការចេះធ្វើទីផ្សារ ភាពច្នៃប្រឌិតក្នុងការផ្សព្វផ្សាយ និងការបង្កើនភាពទាក់ទាញនានា។