ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំក្រុមការងារនៃគណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការសម្របសម្រួលពី ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៤ បានចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាពតំបន់សេដ្ឋកិច្ចពិសេស និងបណ្តាក្រុមហ៊ុនមួយចំនួនស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីពិនិត្យ និងស្វែងយល់ពីវឌ្ឍនភាពនៃការអភិវឌ្ឍគួរឱ្យកត់សម្គាល់របស់វិនិយោគិនដែលបានមកបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ។
រួមជាមួយគ្នានោះ កន្លងមកក្រុមការងារអន្តរក្រសួង-ស្ថាប័ន ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចុះសិក្សាស្វែងយល់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍឧស្សហកម្មនៅប្រទេសវៀតណាម និងប្រទេសថៃផងដែរ ដើម្បីដកស្រង់បទពិសោធន៍ និងសិក្សាអំពីយុទ្ធសាស្ត្រទាក់ទាញ និងសក្តានុពលនៃឧស្សាហកម្មទាំងនោះ។
នៅក្នុងដំណើរទស្សនកិច្ចនៅ ក្រុងបាវិត ខេត្តស្វាយរៀងនាពេលនោះ ក្រុមការងារបានពិនិត្យជាក់ស្តែងអំពីស្ថានភាពការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ហើយក៏បានជួបពិភាក្សាដោយផ្ទាល់ជាមួយនឹងអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងវិនិយោគិនក្នុងតំបន់ អំពីគម្រោងផែនការ បញ្ហាប្រឈម និងបទពិសោធន៍នៃភាពជោគជ័យក្នុងការបណ្តាក់ទុនវិនិយោគនៅក្នុងទឹកដីនៃខេត្តស្វាយរៀង ដែលបានជាធាតុចូលសម្រាប់ការយកមកសិក្សាកំណត់នូវគោលនយោបាយក្នុងការរៀបចំតំបន់សេដ្ឋកិច្ចជាយុទ្ធសាស្ត្រក្នុងការទាក់ទាញនូវឧស្សាហកម្មថ្មីៗបន្ថែមទៀតនាពេលខាងមុខ។
ទន្ទឹមគ្នានោះ ក្រុមការងារក៏បានពិនិត្យសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនមួយចំនួនដូចជា៖ ការផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិក ការផលិតអំពូលលំអរដើមគ្រីសស្មាស់ ការតម្លើងកង់ ការផលិតគ្រឿងសង្ហារឹម និងការផលិតសំបកកង់យានយន្ត។ ជារួមដំណើរទស្សនកិច្ចនេះ បានផ្តល់នូវឱកាសកាលានុវត្តភាពដល់ក្រុមការងារ ដើម្បីសិក្សាស្វែងយល់លំអិតទៅលើឧត្តមភាព និងបញ្ហាប្រឈមមួយចំនួន ដែលកំពុងមាន និងទទួលបាននូវធាតុចូលជាច្រើនក្នុងការយកមកសិក្សាកំណត់នូវគោលនយោបាយយុទ្ធសាស្ត្រក្នុងការទាក់ទាញការអភិវឌ្ឍឧស្សាហកម្មយុទ្ធសាស្ត្រដែលកំពុងលេចឡើងថ្មីៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។