មនុស្សស្ទើរតែគ្រប់ៗគ្នាសុទ្ធតែធ្លាប់ទទួលរងនូវការបដិសេធរឿងអ្វីមួយនៃផ្នែកណាមួយនៅក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃ។ ការបដិសេធ មិនមែនជារឿងល្អឡើយ មិនថាជាការបដិសេធចំពោះរឿងការងារ ការបដិសេធចំពោះការសុំជំនួយអ្វីមួយពីមនុស្សជំវិញខ្លួន ឬជាការបដិសេធក្តីស្រឡាញ់ពីមនុស្សដែលខ្លួនស្រឡាញ់ ការបដិសេធអាចជះឥទ្ធិពលដល់ផ្លូវចិត្តរបស់អ្នក វាអាចឱ្យអ្នកមានអារម្មណ៍ពិបាកចិត្ត តប់ប្រមល់ និងមានចម្ងល់ក្នុងចិត្តថា តើហេតុអ្វីគេមិនអាចទទួលសំណើរខ្ញុំបាន? តើខ្ញុំមិនល្អគ្រប់គ្រាន់ក្នុងការគេព្រមទទួលយករឺយ៉ាងណា?
ប៉ុន្តែអ្វីដែលចាំបាច់សម្រាប់អ្នក គឺអ្នកត្រូវរៀនរក្សាលំនឹងចិត្តក្នុងការព្រមទទួលយកនូវការបដិសេធ រួចដោះស្រាយជាមួយការបដិសេធនោះដោយរបៀបណា។ ខាងក្រោមនេះជាការចែករំលែកនូវវិធីមួយចំនួនដែលអ្នកអាចអនុវត្តបានក្នុងការគ្រប់គ្រងផ្លូវអារម្មណ៍ និងទទួលយកការបដិសេធដោយសន្តិវិធី។
- ស្វែងរកការលើកទឹកចិត្ត
ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ សូមស្វែងរកជំនួយដូចជាការលើកទឹកចិត្ត ការផ្តល់កម្លាំងចិត្ត ដើម្បីប្រឈមមុខជាមួយនឹងការបដិសេធ និងជម្នះវាឱ្យបានរួចក្លាយខ្លួនជាអ្នកខ្លួនឯងឡើងវិញ ដូចដែលព្រះអាទិត្យរះឡើងវិញសារជាថ្មី។
អ្នកអាចក្រឡេកមើលមនុស្សជុំវិញខ្លួន ដែលគេអាចយកឈ្នះលើការបដិសេធបាន ឬគេអាចយកវាជាបទពិសោធន៍ និងធ្វើឱ្យវាក្លាយជាមេរៀនជីវិតដ៏មានន័យ នោះសូមជឿជាក់ថាអ្នកក៏អាចធ្វើវាបានដូចគ្នា។ អ្នកគ្រាន់តែព្យាយាមលើកទឹកចិត្តខ្លួនឯងបន្ថែម ដើម្បីគេចចេញពីអតីតកាលដ៏អួរអាប់ គ្រប់យ៉ាងដែលបានកើតឡើងរួច រួមទាំងការបដិសេធទាំងនោះផងដែរ។
- ធ្វើឱ្យអារម្មណ៍អ្នករសាយតាមសម្រួល កុំម៉ួរម៉ៅក្តៅក្រហាយ
ប្រសិនបើអ្នកចេះតែមានអារម្មណ៍ម៉ួរម៉ៅក្តៅក្រហាយ អ្នកអាចនឹងធ្វើឱ្យនរណាម្នាក់ឈឺចាប់ដោយអ្នកគ្មានបំណងទាល់តែសោះ។ ដូច្នេះ អ្នកត្រូវតែចេះគ្រប់គ្រងអារម្មណ៍បន្ទាប់ពីរងការបដិសេធ វាមិនមែនមានន័យថាអ្នកប្រឹងទប់អារម្មណ៍ទេ ប៉ុន្តែជាការរៀនដោះលែងនូវអារម្មណ៍មិនល្អចោល និងកំហឹងចោលឱ្យអស់។ ពេលណាអ្នកកាន់តែកៀបសង្កត់អារម្មណ៍ដែលខឹងច្រើន មិនព្រមដោះលែងនោះអារម្មណ៍មិនល្អក្នុងខ្លួននឹងកាន់តែកើនឡើង វាស្ថិតក្នុងចិត្តរបស់អ្នកជានិច្ចយូរៗ កាន់តែខ្លាំងរហូតដល់ពេលមួយវាប្រាកដជាផ្ទុះឡើងជាក់ជាមិនខាន។
វាពិតជាឈឺចាប់ ប៉ុន្តែអ្នកត្រូវប្រឈមបុខជាមួយវា មិនមែនកប់ទុកចោលទេ! ការដែលអ្នកគេចវេសមិនព្រមទទួលយកអារម្មណ៍នៃការបដិសេធទាំងនោះ អ្នកអាចគេចបានតែមួយពេលទេ មិនអាចគេចបានរហូតទេ សូមកុំទុកពេលវេលាចោលឥតប្រយោជន៍ព្យាយាមពង្រឹងស្មារតីទទួលស្គាល់វាម្តងបន្តិចៗ រហូតដល់អ្នកប្រាកដថាវាពិតជាបានរសាយទៅ។
- ធ្វើសម្មាធិ និងបណ្តោយតាមពេលវេលាចុះ
វិធីសាស្រ្តមួយទៀតដែលជួយឱ្យអ្នករំងាប់ចិត្តបាន គឺការធ្វើសម្មាធិ។ អ្នកគ្រាន់តែបិទភ្នែកធ្វើសម្មាធិ ហើយបណ្តោយឱ្យរឿងរ៉ាវមិនល្អទាំងនោះរសាត់ទៅតាមពេលវេលាចុះ សូមអ្នកអនុវត្តលំហាត់ប្រាណសម្មាធិឱ្យបានម្តងក្នុងមួយថ្ងៃ ៖
- ស្វែងរកកន្លែងណាមួយដ៏ស្ងប់ស្ងាត់គ្មានការរំខានពីអ្នកដទៃ
- ពែនភ្នែន អង្គុយដាក់ខ្លួនត្រង់តាមដែលអាចធ្វើបាន
- ដកស្រូបខ្យល់ដង្ហើមចូល រួចដកដង្ហើមចេញវិញឱ្យបានវែងៗ
- ផ្តោតទៅលើការដកដង្ហើមតែមួយមុខគត់ ដកដង្ហើមម្តងមួយៗ ឈប់គិតពីការព្រួយបារម្ភ និងខ្វល់ខ្វាយអ្វីផ្សេងៗ
- បិទភ្នែក សម្រាកខ្លួនប្រាណ និងអារម្មណ៍របស់អ្នកឱ្យបានធូរស្បើយ
- ស្រមៃនឹកគិតដល់រឿងល្អ និងក្តីសុបិន្តនាពេលអនាគតរបស់អ្នក
គិតដល់ក្រុមគ្រួសារ និងមិត្តជិតស្និទិ្ធល្អៗដែលតែងតែនៅក្បែរអ្នកនៅពេលមានបញ្ហាកើតឡើង - ស្ថិតនៅក្នុងកាលៈទេសៈដ៏រីករាយនេះមួយរយៈ រួចបណ្តោយឱ្យវាក្លាយជាផ្នែកមួយនៃគំនិតថ្មីផ្សេងទៀតរបស់អ្នក
- បើកភ្នែកទទួលយលអារម្មណ៍ថាអ្នកចាមនុស្សថ្មី
សូមអ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការយកឈ្នះចំពោះការបដិសេធ។ នៅពេលដែលអ្នកធ្លាប់ទទួលបទពិសោធន៍នៃការបដិសេធ កំណត់ត្រាទាំងនោះនឹងរំលឹកអ្នកជានិច្ច។ អ្វីដែលសំខាន់គឺថា អ្នកដឹងអំពីខ្លួនឯងច្បាស់ថា ត្រូវយកឈ្នះវាបានយ៉ាងដូចម្តេច?
សូមចងចាំថា ៖ មនុស្សដែលធ្លាប់ទទួលរងនូវការបដិសេធ នឹងសម្រេចបានអ្វីដែលល្អបំផុតក្នុងជីវិត”