រយៈពេល ២ថ្ងៃ សាលាមធ្យមសិក្សាវិចិត្រសិល្បៈចំណុះឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំកម្មវិធីអបអរជាមុនបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងមកដល់នៅពាក់កណ្ដាលខែនេះ។
កម្មវិធីនេះ បានអូសទាញយុវជន យុវនារី ជាអ្នកដែលស្រឡាញ់ អោយតម្លៃ លើកស្ទួយសិល្បៈវប្បធម៌ខ្មែរជាច្រើននាក់បានចូលរួម។ ជាមួយគ្នានោះ គេក៏ឃើញវត្តមានរបស់សិល្បករ សិល្បការិនីខ្មែរជាច្រើននាក់ ក៏បានស្ម័គ្រចិត្តចូលរួមមកលេងកម្សាន្តជាមួយល្បែងប្រជាប្រិយខ្មែរ ក្នុងឱកាសដ៏ពិសេសរបស់ខ្មែរនេះ។
ឃើញសកម្មភាពនេះ លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលចូលរួមជាអធិបតីក្នុងថ្ងៃចុងក្រោយនៃកម្មវិធី បានមានប្រសាសន៍ថា លោកជំទាវមានចិត្តរីករាយណាស់ ដែលបានឃើញយុវជនកម្ពុជា បានស្រុះគ្នាជួយលើកតម្កើងសិល្បៈវប្បធម៌របស់ជាតិបែបនេះ។
ជាមួយគ្នា លោកជំទាវក៏បានថ្លែងអំណរគុណ ចំពោះការចូលរួមដោយស្ម័គ្រចិត្តរបស់សិល្បករ សិល្បការិនីខ្មែរទាំងអស់ ដែលធ្វើឲ្យព្រឹត្តិការណ៍កាន់តែក្លៀវក្លា ជាសកម្មភាពដែលមានកម្លាំងពន្យុះស្មារតីស្រលាញ់លើកតម្កើងសិល្បករខ្មែរក្នុងចំណោមយុវជនកាន់តែច្រើនឡើង។
ជាចុងក្រោយ លោកជំទាវបានជូនពរ យុវជន បងប្អូនប្រជាពលរដ្ឋ និងសិល្បករខ្មែរ មានជោគមានជ័យសិរីសួស្តីទាំងអស់គ្នា និងសូមឲ្យការធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ សុខសប្បាយ សុវត្ថិភាពគ្រប់ៗគ្នា។
សិល្បករខ្មែរដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងកម្មវិធីអបអរបុណ្យចូលឆ្នាំខ្មែររបស់សាលាមធ្យមសិក្សាវិចិត្រសិល្បៈយប់មិញ មានដូចជា រាជនីក្រមា មាន សូនីតា នី មុន្នីនាថ សុគា គឹមលាង ហៅ កូនស្រមោច ពូឃ្លាំង និង នៅ សុនិតា ជាដើម។