កូនតូចៗរបស់អ្នកប្រៀបដូចជាក្រដាសសៀវភៅស ដែលអ្នកត្រូវគូសវាសតម្រង់ផ្លូវ និងបង្ហាត់បង្រៀនពួកគេឱ្យចេះក្នុងការធ្វើកិច្ចការអ្វីផ្សេងៗ។ មាតាបិតាមានតួនាទីសំខាន់ក្នុងការចិញ្ចឹមបីបាច់ ថែរក្សា និងបង្ហាត់បង្រៀនពួកគេឱ្យមានភាពក្លាហានក្នុងការសម្រេចនូវកិច្ចការអ្វីមួយ។ ភាពក្លាហាន មានន័យថាជា មានទឹកចិត្តអង់អាច និងមានការតាំងចិត្តយ៉ាងមុះមុតប្រឈមមុខដោះស្រាយរាល់បញ្ហាបានជាគន្លឹះឈានទៅរកភាពជោគជ័យ។
ឡេឌីស៍ សូមពាំនាំនូវមធ្យោបាយមួយចំនួនដែលជួយឱ្យកូនៗរបស់អ្នកមានភាពក្លាហាននៅក្នុងខ្លួន ក្នុងការសម្រេចកិច្ចការនានា៖
ធ្វើជាគំរូល្អដល់កូន
គំរូរនៃភាពក្លាហាន ត្រូវចាប់ផ្តើមមកពីអ្នកមុនគេ។ ចំពោះអ្វីដែលអ្នកគិតថាអ្នកដទៃ ពិបាកក្នុងការសម្រេច ចូរអ្នកជម្នះវាឱ្យបានដើម្បីបង្ហាញដល់កូនៗរបស់អ្នកថាអ្នកពិតជាមានភាពក្លាហានក្នុងការជម្នះបញ្ហាមួយនេះ ដោយភាពក្លាហានបាន។ ក្រៅពីនេះ អ្នកអាចបង្ហាញតាមរយៈទង្វើសកម្មភាពល្អៗប្រចាំថ្ងៃណាដែលអ្នគិតថាល្អចំពោះកូន ពួកគេអាចយកជាគំរូរបាន។
បណ្តុះផ្នត់គំនិតឱ្យកូនមានភាពក្លាហាន
វប្បធម៌ និងផ្នត់គំនិតរបស់ជាតិសាសន៍មួយផ្តល់នូវភាពក្លាហានជាមូលដ្ឋានដល់ប្រជាជាតិនោះ ដូច្នេះហើយនៅពេលដែលអ្នកបង្កើតនូវមោទនភាពគ្រួសារ ដោយការបង្ហាញពីជាតិសាសន៍ខ្លួនថា មានភាពក្លាហាន គឺយើងបានបង្រៀនឱ្យកូនៗបណ្តុះភាពក្លាហានក្នុងការធ្វើអ្វីមួយ ឬដោះស្រាយបញ្ហាចំពោះមុខ។ ការបង្រៀនកូនឱ្យដឹងអំពីប្រវត្តិសាស្រ្តបែបនេះ អាចជំរុញពួកគេឱ្យកាន់តែមានទឹកចិត្តអង់អាចក្លាហាន។
ពុះពារបញ្ហាប្រឈមនឹងមុខ ឬជាការកោតសរសើរ
មាតាបិតា អាចឱ្យកូនពុះពារនូវបញ្ហាប្រឈមនានាជាប្រចាំ ដូចជា ការទទួលទានអាហារថ្មីៗ បញ្ចេញសកម្មភាពថ្មីៗនៅក្នុងថ្នាក់រៀន ឬជាការលេងកីឡាជាដើម។ នៅពេលកូនរបស់អ្នកហ៊ានធ្វើទាំងនោះបាន អ្នកត្រូវមានការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់គេ។ ទាំងនេះគឺជាការបង្រៀនឱ្យពួកគេកាន់តែមានទឹកចិត្តក្លាហាន។
ពន្យល់ពីបុគ្គលដែលមានភាពក្លាហាននៅក្នុងសង្គម
បុគ្គលទាំងនោះ អាចមានដូចជា កងទ័ព ទាហាន និងអ្នកពន្លត់អគ្គីភ័យ ដែលអាចផ្តល់ជាគំរូរភាពក្លាហានដល់កូនៗរបស់អ្នកបាន។ លើសពីនេះ អ្នកអាចសរសេរសុភាសិតបិតនៅលើក្តារជញ្ជាំងដើម្បីរំលឹកកូនតូចៗរបស់អ្នករាល់ថ្ងៃ នៅពេលពួកគេក្រឡេកឃើញ។
បណ្តុះទឹកចិត្តឱ្យមានភាពក្លាហាន
ធម្មជាតិបានបង្កើតឱ្យយើងក្លាយជាមនុស្សជាតិដ៏ត្រឹមត្រូវ រីឯទឹកចិត្តរបស់យើង ក៏មិនត្រូវរាថយឡើយ។ ដូច្នេះ អ្នកត្រូវពន្យល់ប្រាប់កូនរបស់អ្នក និងបណ្តុះគំនិតពួកគេឱ្យមានភាពក្លាហានពីក្មេងទៅឱ្យហើយ។