លោក ហុង ឈាងហួត ដែលបាន និងកំពុងមានបទពិសោធន៍ជាអ្នកធ្វើការជិតស្និទ្ធនឹងចម្លាក់ស្នាដៃខ្មែរ បានលើកឡើងថា ដូនតាបុព្វបុរសខ្មែរយើង គឺជាកំពូលអ្នក Fashion ដែលស្នាដៃទាំងនោះ មានចារទុកនៅលើជញ្ចាំងប្រាសាទរាប់រយនៅលើទឹកដីនៃរាជាណាចក្រអច្ឆរិយៈ។
ជាសហស្ថាបនិក “ភួងម៉ាល័យ បាយសីខ្មែរ” ដែលមានលក់ផលិតផលចម្លាក់លោហៈខ្មែរ និងបាយសីខ្មែរ លោក ហុង ឈាងហួត មានបទពិសោធន៍លើការស្រាវជ្រាវអំពីការចម្លាក់ខ្មែរលើជញ្ជាំងប្រាសាទជាង ១០ឆ្នាំ។
ដោយមានម្ដាយជាអ្នកលក់គ្រឿងអលង្ការចម្លាក់ខ្មែរស្រាប់ បានបណ្ដាលចិត្តឲ្យលោកដិតដាមស្រឡាញ់សិល្បៈស្នាដៃដូនតាខ្មែរដែរ។លោកបានចាប់ផ្ដើមសិក្សាស្រាវជ្រាវអំពីចម្លាក់លើជញ្ជាំងប្រាសាទរបស់ខ្មែរ ២០១២។
ក្នុងបេសកម្មលើកកម្ពស់ ជំរុញការស្រឡាញ់ និងថែរក្សាកេមរតកវប្បធម៌ខ្មែរ ឈាងហួត សម្រេចការបញ្ចេញលក់នៅលើទីផ្សារនូវផលិតផលគ្រឿងលម្អកាយមានដូចជា ១.គ្រឿងអលង្ការបុរាណចំមានដូចជា មកុដ ២.គ្រឿងអលង្ការបែបរបាំព្រះរាជទ្រព្យ និង៣គ្រឿងអលង្ការសម្រាប់មង្គលការជាដើមនៅឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន។
ឈាងហួត បញ្ជាក់ ស្នាដៃសិល្បៈដែលត្រូវបានដាប់លើលោហៈស្រោបដោយទឹកមាស ភាគច្រើនបំផុត គឺឆ្លាក់តាមចម្លាក់របស់បុព្វបុរសដែលមាននៅលើជញ្ជាំងប្រាសាទខ្មែរ ដូចជា ជញ្ជាំងប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន ប្រាសាទចៅសាយទេវតា និងប្រាសាទពិមានអាកាសជាដើម។
ឆ្លងតាមបទពិសោធន៍យ៉ាងជិតស្និទ្ធនឹងស្នាដៃសិល្បៈទាំងនោះ ហុង ឈាងហួត បានរកឃើញពីភាពអស្ចារ្យ និងប្រណិតភាពនៃស្នាដៃរបស់បុព្វបុរសខ្មែរ ដែលលោកលើកហ៊ានឡើងថា ដូនតាខ្មែរគឺជាកំពូលអ្នកច្នៃម៉ូដ ដែលមានគំនិតច្នៃប្រឌិត និងសិល្បៈដ៏ល្អឯក។
ឈាងហួត ថ្លែងថា “យើងលើកនិយាយតែប្រាសាទអង្គរវត្តមួយចុះ ចម្លាក់អប្សរាមានដល់ជាង ២ពាន់រូប អ្វីដែលអស្ចារ្យ គឺក្បាច់ចម្លាក់មកុដ និងសក់របស់អប្សរា មានម៉ូដខុសៗគ្នាទាំងអស់ អីចឹងបានថា ដូនតាយើង គឺកំពូលអ្នក Fashion តែម្ដង”។
យុវជនដដែល បញ្ជាក់ថា ជាង ១០ឆ្នាំនៅក្នុងការងារនេះ រូបគេទើបរំលេចបានប្រមាណ ១% ធៀបនឹងស្នាដៃសិល្បៈដូនតាខ្មែរដែលចារទុកអោយលើជញ្ជាំងប្រាសាទប៉ុណ្ណោះ។ ដូច្នេះហើយ រូបគេនឹងនៅតែបន្តបេសកកម្ម ស្រាវជ្រាវក្បាច់ចម្លាក់ស្នាដៃដូនតាថ្មីៗបន្តទៀត ក្នុងការបញ្ជ្រាបការយល់ដឹងពីស្នាដៃសិល្បៈដូនតាខ្មែរដែលបន្សល់ទុកឲ្យ ទៅបងប្អូនជនរួមជាតិខ្មែរ។
គ្រឿងចម្លាក់លោហៈជាសិល្បៈកេរតំណែលរបស់ដូនតាខ្មែរនេះ បច្ចុប្បន្នមាននៅលើចម្លាក់មកុដព្រះនាងឥន្ទ្រទេវី ព្រះនាងជ័យរាជទេវី និងព្រះបាទជ័យវរម្ម័នទី៧។ ក្រៅពីនេះ មាននៅលើអលង្ការសម្រាប់របាំព្រះរាជទ្រព្យ និងល្ខោនក្បាច់បុរាណជាដើម។