ប្រទាលកន្ទុយក្រពើត្រូវបានគេស្គាល់ថា ជារុក្ខជាតិឱសថដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក កម្ចាត់បាក់តេរី មេរោគ ព្រមទាំងការពារស្បែក និងព្យាបាលមុខរបួសផងដែរ។
ប្រទាលកន្ទុយក្រពើ មានផ្ទុកនៅសារធាតុជាច្រើន ដូចជា កាល់ស្យូម, សូដ្យូម, ជាតិដែក, ប៉ូតាស្យូម, ម៉ាញ៉េស្យូម, និងវីតាមីនដូចជា A, B1, B2, B6, B12, C និង E, និងអាស៊ីត Folic Niacin ហើយក្នុងនោះផងដែរ ការសិក្សាស្រាវជ្រាវបានបង្ហាញថានៅខាងក្នុងសាច់ប្រទាលកន្ទុយក្រពើមានជាតិទឹក ៩៩% ដែលអាចព្យាបាលការរលាកស្បែកដោយកម្តៅថ្ងៃបាន។
វាមានប្រសិទ្ធភាពខ្ពស់ព្យាបាលទៅលើការខូចខាតស្បែកដោយកត្តាផ្សេងៗ ដូចជា ការមុតបណ្តាលឱ្យចេញឈាមជាមួយរបស់អ្វីមួយ ឬបញ្ហារលាក។ នៅពេលដែលអ្នករងរបួសភ្លាមៗ អ្នកអាចលាងមុខរបួសឱ្យស្អាតរួចសឹមយកប្រទាលកន្ទុយក្រពើមកបិទពីលើទុកចោលមួយសន្ទុះ វានឹងជួយឱ្យស្បែកអ្នកថយការឈឺចុកចាប់ និងក្រហាយជាដើម។
មិនត្រឹមតែប៉ុណ្នោះប្រទាលកន្ទុយក្រពើបានចូលរួមបង្កើនការលូតលាស់កោសិកាថ្មី និងពន្លឿនការលូតលាស់កោសិកាឡើងវិញបន្ទាប់ពីការបាត់បង់។
ប្រទាលកន្ទុយក្រពើមានផ្ទុកនូវសមាសធាតុសារធាតុ Glycoprotein ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក អាចជួយកាត់បន្ថយការហើមសាច់ និងក្រហមនៅតំបន់រលាកនោះ។ អ្នកអាចធ្វើការកោសយកសាច់ប្រទាលខាងក្នុងរួចលាងជ័រវាចេញឱ្យស្អាត សឹមយកមកបិទនៅកន្លែងដែលមានរលាក។ ក្រោយពេលលាបហើយ ស្បែកអ្នកនឹងទទួលបានសភាពត្រជាក់ ហើយបញ្ចុះកម្តៅភ្លាមៗ។
ប្រទាលកន្ទុយក្រពើអាចផ្តល់សំណើមដល់ស្បែក និងធ្វើឱ្យស្បែកភ្លឺរលោង វាត្រូវបានគេយកមកលាបពីផ្នែកខាងក្រៅ ឬទទួលទានវាក៏បានដូចគ្នា។ រុក្ខជាតិឱសថបុរាណនេះ មានសារប្រយោជន៍ដល់សុខភាពដូចជា ៖
– រក្សាជាតិស្ករក្នុងឈាម
– សម្រួលដល់ការរំលាយអាហារ និងជួយព្យាបាលជំងឺក្រពះ
– ពង្រឹងភាពស៊ាំ
– ព្យាបាលការឈឺបំពង់ក
– ជួយសម្រួលដល់តម្រងនោម
– អាចយកទឹករំអិលមកធ្វើជាជែលកោររោម និងសាប៊ូអប់សក់ផងដែរ