ស្បែកស្ងួត (Xerosis) បានរាប់ជាជំងឺទូទៅមួយប្រភេទដែលសឹងតែអាចកើតមាននៅលើស្បែកមនុស្សគ្រប់គ្នាក្រោមមូលហេតុជាច្រើន ប៉ុន្តែមូលហេតុចម្បងមួយចំនួនដែលបណ្តាលឱ្យស្បែករបស់អ្នកមានសភាពស្ងួតខ្លាំង រួមមាន ហ្សែន របបអាហារ អាកាសធាតុជុំវិញខ្លួន របបអាហារ ការប្រើប្រាស់ផលិតផល និងរបៀបក្នុងការរស់នៅប្រចាំថ្ងៃ…។ ស្បែកស្ងួត អាចធ្វើឱ្យស្បែករបស់អ្នកមើលទៅមានសភាពគ្រើម ស្បែកឡើងក្រហម បែកស្រកា ជ្រីវជ្រួញ រមាស់ មានស្នាមខ្មៅៗ និងងាយរងប្រតិកម្ម។
ស្បែកស្ងួត គឺបណ្តាលមកពីការបាត់បង់ជាតិទឹក ឬសំណើមចេញពីស្រទាប់ខាងក្រៅនៃស្បែករបស់អ្នក ហើយខាងក្រោមនេះគឺជាកត្តាចម្បងមួយចំនួនដែលអ្នកគួរតែចាប់អារម្មណ៍ទៅលើវាឱ្យបានច្រើន ៖
• កម្តៅ ៖ ឥទ្ធិពលនៃកម្តៅដែលបង្កហានិភ័យដល់សុខភាពស្បែកស្ងួត គឺអាចបណ្តាលមក កម្តៅព្រះអាទិត្យ កម្តៅដែលភាយចេញមកពីការចម្អិនម្ហូបជាដើម… ដែលបង្កើនរំហួតដល់សំណើមនៅលើស្បែក
• បរិយាកាសជុំវិញខ្លួន ៖ រស់នៅតំបន់ដែលមានអាកាសធាតុត្រជាក់ សម្បូរខ្យល់ ឬអាកាសធាតុដែលផ្តល់សំណើមក្នុងកម្រិតទាប
• ងូតទឹកច្រើនលើសកម្រិត ៖ ការងូតទឹកក្តៅខ្លាំងពេក ឬងូតទឹកយូរៗ ព្រមទាំងការជូតស្បែកដោយប្រើកម្លាំងធ្ងន់ៗ អាចធ្វើឱ្យស្បែកមានសភាពស្ងួតខ្លាំង និងបែកស្រកា ព្រោះវាធ្វើឱ្យបាត់ប្រេងធម្មជាតិនៃស្បែករបស់អ្នក។ ការងូតទឹកច្រើនជាងមួយថ្ងៃអាចយកប្រេងធម្មជាតិចេញពីស្បែករបស់អ្នកផងដែរ
• ការប្រើប្រាស់សាប៊ូ ៖ សាប៊ូដែលមានសភាពរឹង ប្រភេទសាប៊ូមានជាតិកាតត់ខ្លាំង ឬជ្រើសការប្រើប្រាស់សាប៊ូខុសពីសភាពនៃស្បែក អាចជះឥទ្ធិពលដល់សុខភាពស្បែកយ៉ាងខ្លាំង
• បញ្ហាស្បែក ៖ ការកើតមានជំងឺសើស្បែក Atopic dermatitis (Eczema) ឬ Psoriasis
• ការវិវឌ្ឍន៏ទៅវ័យចាស់ ៖ នៅពេលដែលមនុស្សឈានចូលទៅកាន់វ័យចំណាស់ សមត្ថភាពរបស់ស្បែកក្នុងការរក្សាសំណើមបានថយចុះទៅតាមអាយុ ដែលធ្វោះឱ្យស្រទាប់ស្បែកកាន់តែស្តើងដែលផលិតប្រេងធម្មជាតិចេញពីកោសិកាស្បែកបានតិច ទើបធ្វើឱ្យស្បែកស្ងួត
ប៉ុន្តែសូមកុំបារម្ភ បើទោះបីកត្តាខាងលើអាចបង្កឱ្យស្បែកអ្នកទទួលរងសភាពស្ងួតខ្ពស់ក៏ដោយ ប៉ុន្តែឡេឌីស៍នឹងបើកបង្ហាញជូននូវវិធីសាស្រ្តក្នុងការបង្ការ និងអាចចូលរួមព្យាបាលសភាពស្បែកស្ងួតផងដែរ ៖
• ផ្តល់សំណើមដល់ស្បែក ៖ ការផ្តល់ជាតិសំណើមឱ្យជ្រាបចូលទៅក្នុងស្រទាប់ស្បែក អាចជួយរក្សារបាំងការពារស្បែករបស់អ្នកឱ្យមានសុខភាពល្អ។ សូមជ្រើសរើសផលិតផលក្រែមផ្តល់សំណើមឱ្យត្រូវជាមួយសភាពស្បែក និងព្យាយាមប្រើប្រាស់វាជារៀងរាល់ថ្ងៃ។ បន្ថែមពីនេះ មុនពេលអ្នកចេញទៅខាងក្រៅ សូមប្រើប្រាស់ឡេការពារកម្តៅថ្ងៃ ដែលមាន SPF យ៉ាងតិច 30+++ ឡើងទៅ។
• ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ៖ ការខ្វះជាតិទឹកក្នុងខ្លួនខ្លាំង ក៏អាចបណ្តាលឱ្យស្បែករបស់អ្នកស្ងួតផងដែរ ព្រោះរាងកាយអ្នកខ្សោះជាតិទឹក មិនងាចផលិតសំណើមចេញពីសរីរាង្គខាងក្នុងគ្រប់គ្រាន់។ ដូច្នេះ សូមទទួលទានទឹកឱ្យបានគ្រប់គ្រាន់។
• ជ្រើសរើសប្រភេទសាប៊ូគ្មានជាតិកាត់ ៖ អ្នកគួរតែប្រើប្រាស់ប្រភេទសាប៊ូដែលផលិតឡើងពីសារធាតុធម្មជាតិ និងគ្មានជាតិគីមីខ្លាំងលើសកម្រិត ដើម្បីចៀសវាងការរងប្រតិកម្មនៅលើស្បែកដែលធ្វើឱ្យស្បែកស្ងួតគ្រើមខ្លាំង ឡើងកន្ទួលរមាស់។ អ្នកគួរប្រើប្រាស់ឡេលាបខ្លួននៅពេលសភាពស្បែលអ្នកសើមតិចៗផងដែរ។
• កំណត់កម្រិតក្នុងការប៉ះបាល់ទឹកដោយផ្ទាល់ ៖ ប្រសិនបើអ្នកជាមនុស្សម្នាក់ចូលចិត្តហែលទឹក ដល់ពេលហើយដែលអ្នកត្រូវផ្លាស់ប្តូរទម្លាប់នេះចេញ។ សូមកម្រិតពេលវេលាងូតទឹកឱ្យបានត្រឹមត្រូវ និងមិនត្រូវងូតទឹកក្តៅខ្លាំងពេក ម្យ៉ាងសូមកុំជូតខ្លួនរបស់អ្នកខ្លាំងៗពេក។
• ស្លៀកសម្លៀកបំពាក់ឱ្យបានជិតស្បែកនារដូវត្រជាក់ ឬរដូវខ្យល់រំហើយ ៖ សូមធ្វើការគ្របដណ្តប់ស្បែករបស់អ្នកឱ្យបានបិតជិតនារដូវត្រជាក់ កាលណាស្បែកទទួលប៉ះពាល់ជាមួយខ្យល់ច្រើន វានឹងឡើងស្ងួតខ្លាំង។
• ទទួលទានរបបអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មអាចកាត់បន្ថយការខូចខាតស្បែកពីជាតិពុល និងជួយឱ្យរាងកាយរបស់អ្នកបង្កើតកោសិកាដែលមានសុខភាពល្អ។ អាហារមួយចំនួនខាងក្រោមនេះ អាចបង្កើនសុខភាពស្បែកស្ងួតបាន ៖
1. ផ្លែប៊្លូបឺរី
2. ប៉េងប៉ោះ
3. ការ៉ុត
4. សណ្តែក
5. សណ្តែកសៀង
6. អាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្គា 3