នៅក្នុងវ័យត្រឹមតែ ៩ ឆ្នាំ កុមារីជនជាតិថៃ Nalutporn បានធ្លាក់ខ្លួនពិការ ដោយសារតែជំងឺ គ្រុនស្វិតដៃជើង។ ជំងឺដ៏គួរឱ្យខ្លាចនេះ បានបង្ខំឱ្យនាង ចាំបាច់ត្រូវតែនៅលើ រទេះរុញ អស់មួយជីវិត។
បើទោះបីធ្លាក់ខ្លួនក្លាយទៅជាមនុស្សពិការ យ៉ាងណាក៏ដោយ ប៉ុន្តែកុមារី Nalutporn មិនបានបោះបង់ចោលនូវការសិក្សាឡើយ។ នាងបានជម្នះ សិក្សារហូតដល់ចប់ថ្នាក់មហាវិទ្យាល័យ ហើយមិនតែប៉ុណ្ណោះនាងបានក្លាយជាអ្នកសារព័ត៍មានដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងប្រទេសថៃ។ រឿងរ៉ាវទាំងនោះ មានដំណើរដើមទងយ៉ាងដូច្នោះថា នៅអំឡុងពេលដែល យុវតី Nalutporn កំពុងសិក្សានៅថ្នាក់មហាវិទ្យាល័យ នាងបានដាក់ពាក្យធ្វើជាបុគ្គលិកហាត់ការ ផ្នែកអ្នករាយការណ៍ព័ត៌មាន ប្រចាំស្ថាប័ន Prachatai ដែលជាអង្គភាពមិនរកប្រាក់ចំណូល។ ដំបូងឡើយ ផែនការអនាគតការងាររបស់នាងគឺចង់ធ្វើជារចនារូបភាព សម្រាប់ដាក់នៅក្នុងសៀវភៅអានរបស់ក្មេងៗ។ ប៉ុន្តែក្រោយពីចូលធ្វើការនៅក្នុងវិស័យព័ត៍មាន Prachatai បានធ្វើឱ្យនាងផ្លាស់ប្តូរការគិត និងមើលឃើញពីឳកាសដែលនាងអាចចូលរួមផ្លាស់ប្តូរផ្នត់គំនិតនៅក្នុងសង្គមថៃ។
បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់ឧត្តម នៅក្នុងឆ្នាំ ២០១៥ Nalutporn បានក្លាយខ្លួនជាអ្នកសារព័ត៍មាន ធ្វើការពេញម៉ោងនៃស្ថាប័ន Prachatai។ ២ឆ្នាំនៅក្នុងការក្រេបយកបទពិសោធន៍ពីកន្លែងការងារ នាងអាចមានសមត្ថភាពបង្កើតបាននូវ website មួយឈ្មោះ ThisAble.Me. និយាយអំពីបញ្ហានិងសិទ្ធរបស់ជនមានពិការភាព។ Nalutporn ជិះរទេះរុញដោយខ្លួនឯងចូលរួមក្នុងកម្មវិធីសិក្ខាសិលា កម្មវិធីមនុស្សធម៌ និង សូម្បីតែកម្មវិធីនយោបាយមួយចំនួន។ មិនយូរប៉ុន្មាន សមិទ្ធផលដែលនាងខិតខំប្រឹងប្រែងបង្កើតឱ្យចេញជារូបរាង ThisAble.Me ត្រូវបានទទួលស្គាល់ដោយពលរដ្ឋថៃ និង ត្រូវបានចាត់ទុកថាជា platform ពិសេសថែមទៀតផង។
វេបសាយរបស់ Nalutporn បានចូលរួមលើកកម្ពស់សិទ្ធរបស់ជនមានពិការភាព និងបានដើរតួនាទីប្រៀបបីជាកន្លែងមួយដែលជនមានពិការភាពទាំងអស់ អាចបញ្ចេញនូវមតិ និង សំឡេងរបស់ពួកគេទៅកាន់សង្គមខាងក្រៅ។ ក្នុងនាមជនមានពិការភាពម្នាក់ Nalutporn បាននិយាយថា “មនុស្សមួយចំនួន បានភ្ញាក់ផ្អើលខ្លាំងនៅពេលដែលឭថា ខ្ញុំបានរៀនចប់ថ្នាក់មហាវិទ្យាល័យ។ មិនតែប៉ុណ្ណោះ ពួកគេហាក់ធ្វើទឹកមុខចម្លែកកាន់តែខ្លាំង នៅពេលខ្ញុំមានមិត្តប្រុស ដោយម្នាក់ៗហាក់កំពុងសម្លឹងមើលមកកាន់ខ្ញុំប្រៀបដូចជាកំពុងមានទេវបុត្រ ចុះមកសង្គ្រោះនារីទុរគត”។
ជាចុងក្រោយ Nalutporn បានសង្កត់ធ្ងន់ថា បើទោះបីជានាងកើតមកត្រូវជួបប្រទះនឹងភាពពិការ មិនអាចដើរបានដូចមនុស្សទូទៅក៏ដោយ ប៉ុន្តែនាងចង់បង្ហាញទៅកាន់សង្គមថា ជនមានពិការភាព មិនបានដេកកើតទុក មិនបានបាក់ទឹកចិត្ត និងមិនបានទទួលភាពលំបាកគ្រប់ពេលនោះទេ ដោយនាងបញ្ជាក់ថា មនុស្សពិការ ក៏មានគោលបំណង មានក្តីស្រម៉ៃ ចង់បំពេញកិច្ចការផ្សេងៗ ដូចទៅនឹងមនុស្សធម្មតា រាប់បញ្ចូលទាំងសេចក្តីសុខផ្នែកផ្លូវភេទ ៕