ដោយមិនបានឲ្យតម្រុយជាមុន ស្រាប់តែនៅថ្ងៃនេះ ស៊ីន យូប៊ីន បានបង្ហាញខ្លួនលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តទីក្រុងកានប្រទេសបារាំងនៅទៅហើយ។
Credit: GettyImages
នេះជាឆ្នាំទី២ របស់តារាស្រីកម្ពុជាដែលមានវត្តមានក្នុងកម្មវិធីមហោស្រពដ៏ធំបំផុតរបស់បារាំង។ កាលពីឆ្នាំមុន យូប៊ីន បានស្លៀករ៉ូបពណ៌ស រំលេចស្រមោលទង់ជាតិ និងបង្កប់រចនាបទខ្មែរ រូបនាគ និងអក្សរខ្មែរ។ ដោយឡែកឆ្នាំនេះ តារាស្រីបានគ្រងឈុតរ៉ូបពណ៌ខ្មៅច្នៃពីក្រណាត់ស្បៃ និងកៅស៊ូវិញម្ដង។
ក្នុងឈុតនេះ យូប៊ីន មើលទៅកាន់តែមានមន្តស្នេហ៍ និងទាក់ទាញនៅក្រោមកាណុងកាមេរ៉ាអ្នកថតរូបអាជីពអន្តរជាតិជាច្រើន។ ចំណុចចាប់អារម្មណ៍ ផ្ដើមពីឆ្នាំមុន ដែលគេមិនទាន់ស្គាល់ថានាងជានរណា មកពីណានោះ នៅឆ្នាំនេះ នាងផ្ដើមមានការទទួលស្គាល់។
Credit: GettyImages
យូប៊ីន ឲ្យដឹងថា នាងបានលឺសំឡេងហៅឈ្មោះនាង ពីទស្សនិកជនបរទេសថា យូប៊ីនៗ។ ចំណុចនេះ តារាស្រីបញ្ជាក់ថា នាងសប្បាយចិត្តយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណចំពោះរឿងគ្រប់យ៉ាង។
រឿងដែលគួរកត់សម្គាល់មួយទៀត ឆ្នាំនេះ យូប៊ីន មិនមែនឯកោក្នុងនាមជាជនជាតិខ្មែរតែម្នាក់ ដែលបានចូលរួម Cannes Film Festival 2024 នោះទេ គឺមានគ្រូបង្ហាញម៉ូត អ្នករចនាសំលៀកបំពាក់ អូលីវ៉ា គង់ រួមទាំង ម៉ាដាម ដា ជាសហគ្រិននារីកម្ពុជា បូករួមជាមួយតារាម៉ូដែលម្នាក់ទៀត ក៏បានចូលរួមដែរ។ ពួកគេកំពុងបង្កើតមោទកភាពឲ្យកម្ពុជានៅលើទឹកដីនៃទ្វីបអឺរ៉ុប៕