លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីចំនួន៣ ដាច់ដោយឡែកពីគ្នា ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត” នៅក្នុងរបៀបវារៈនៃវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលប្រព្រឹត្តិទៅនាថ្ងៃទីព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
នៅក្នុងនោះ អនុស្សរណៈយោគយល់ទ្វេភាគីនោះរួមាន ១-ធ្វើឡើងជាមួយធនាគារគូកមីន (Kookmin Bank Co., Ltd.) ២-ជាមួយស្ថាប័ន JB Financial Group Co., Ltd និង ៣-ជាមួយធនាគារអ៊ូរី (Woori Bank)។
នាឱកាសនោះដែរ ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ត្រីភាគីជាមួយក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (កូរ៉េ) និងធនាគារ JEONBUK ស្តីពី “កិច្ចសហការចែករំលែកព័ត៌មានឥណទានឆ្លងដែន” រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
នៅក្នុងពិធីចុះហត្ថលេខានេះរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។
ចំពោះអនុស្សរណៈយោគយល់នេះ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍ លើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដោយប្រើរូបិយវត្ថុជាតិ សំដៅបង្កើនទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្នបន្ថែមទៀត ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ ព្រមទាំងនឹងចូលរួមចំណែកពង្រឹងការផ្លាស់ប្តូរព័ត៌មានឥណទានកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព ផងដែរ៕