ថ្លែងសុន្ទរកថាបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣ នាព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ប្រាប់ដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ឱ្យពង្រឹងការគ្រប់គ្រងលើប្រព័ន្ធទូទាត់ និងផ្ទេរប្រាក់ ពីការវាយប្រហារតាមអ៊ីនធឺណិត។
ប៉ុន្មានឆ្នាំចុងក្រោយ ទំហំប្រតិបត្តិទូទាត់ និងផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់។ ជាពិសេសក្នុងឆ្នាំ២០២៣ ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនេះបានកើនដល់ជិត២លានប្រតិបត្តិការ។ ជាមួយភាពរីកចម្រើននេះ បច្ចុប្បន្នកម្ពុជាក៏ប្រឈមនឹងការកើនឡើងពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។
ដើម្បីទប់ស្កាត់ពីការឆបោកប្រាក់តាមប្រព័ន្ធអនឡាញ និងរក្សាបាននូវស្ថិរភាពប្រព័ន្ធទូទាត់ឌីជីថល លោកជំទាវបណ្ឌិត ជា សិរី បានប្រាប់ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយបណ្តឹងអតិថិជនពាក់ព័ន្ធទៅនឹងការវាយប្រហារលើប្រព័ន្ធទូទាត់។ ជាពិសេស ស្ថាប័ននីមួយៗ ត្រូវពង្រឹងបច្ចេកវិទ្យារបស់ខ្លួនក្នុងការគ្រប់គ្រងពីការវាយប្រហារតាមអ៊ីធឺណិត(Cyber Attacks) និងត្រូវពង្រឹងការអប់រំអតិថិជនក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលឱ្យមានការទទួលខុសត្រូវ និងមានភាពប្រុងប្រយ័ត្ន។
ទាក់ទិននឹងការទាមទារខាងលើនេះ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថានធនាគារនីមួយៗ បានចាប់ផ្តើមអនុវត្ត និងធ្វើការងារយ៉ាងជិតសិទ្ធជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយអគ្គស្នងការនគរបាលជាតិនៃកម្ពុជា លើការឆបោក ឬបទល្មើសបច្ចេកវិទ្យា។
«តាមពិតវិស័យធនាគារ បានធ្វើការយ៉ាងជិតសិទ្ធជាមួយអគ្គស្នងនគរបាលជាតិនៃកម្ពុជា ទាក់ទិននឹងការបង្ការ និងបង្រា្កបបទលើ្មសតាមប្រព័ន្ធអនឡាញ»។ នេះជាការលើកឡើងរបស់លោក រ័ត្ន សោភ័ណ ដែលបន្ថែមថា ក្នុងឆ្នាំ២០២៣ កម្លាំងជំនាញបានរកឃើញបទល្មើសអនឡាញទាក់ទងនឹងវិស័យធនាគារ គឺមាន៧៥០ករណី ក្នុងនោះមានករណីមួយចំនួនត្រូវបានបង្រា្កប។
បើតាមលោកប្រធានសមាគមធនាគារនៅកម្ពុជា បច្ចុប្បន្នមានលេចឡើងនូវរបបគំហើយថ្មីទៀតនៃការឆបោកប្រាក់ពលរដ្ឋតាមប្រព័ន្ធអនឡាញ ដែលអគ្គស្នងការនគរបាលជាតិនៃកម្ពុជា កំពុងសិក្សានិងធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យធនាគារ។ « ឧក្រិដ្ឋជនតែងរកវិធីថ្មីរហូតក្នុងការឆបោកពលរដ្ឋ ដូច្នេះហើយ ទាំងការអនុវត្តច្បាប់ ទាំងការពង្រឹងប្រព័ន្ធទូទាត់របស់វិស័យធនាគារ និងទាំងការបង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់ គឺយើងអាចកាត់បន្ថយហានិភ័យបានច្រើនណាស់។ អ៊ីចឹង! បីមុខព្រួញនេះ យើងត្រូវតែពង្រឹងដូចគ្នា»។
របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ចំនួនប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀល-ទាំងប្រាក់ដុល្លារនៅកម្ពុជា បានកើនឡើងពី ១,១លានប្រតិបត្តិការក្នុងឆ្នាំ២០២២ ដល់ជិត១,៨លានប្រតិបត្តិការ ក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ទឹកប្រាក់សរុបនៃប្រតិបត្តិការទូទាត់ឌីជីថលនៃរូបិយវត្ថុទាំងពីរប្រភេទនេះ បានកើនឡើងពី៤០០ពាន់លានដុល្លារ ដល់៤៩២ពាន់លានដុល្លារស្មើនឹង១៦ដង នៃផលិតផលក្នុងស្រុកសរុប (GDP)។
ធនាគារជាតិបានបញ្ជាក់ថា ក្នុងចំណោមប្រព័ន្ធទូទាត់ ការប្រើប្រាស់ប្រព័ន្ធបាគងបានកើនឡើងគួរឱ្យកត់សម្គាល់ដោយមានអតិថិជនបើកគណនីសរុប២៧,៦លានគណនី ហើយអាចទូទាត់បានជាមួយហាងទំនិញ-សេវាកម្មជាង ២,៩លានទីតាំង គិតត្រឹមចុងឆ្នាំ ២០២៣៕