ដូចដែលលើកឡើងកន្លងមក ពិភពលោកចាប់ផ្ដើមបើកបេះដូង បើកនេត្រា មើលកម្ពុជាក្នុងផ្លូវវិជ្ជមានបណ្ដើរបណ្ដើរ ដូច្នេះហើយគេឃើញសិល្បករខ្មែរច្រើននាក់បានឡើងព្រំក្រហមនៅ កានហ្វៀម ហ្វេសទីវ៉ល លើកទី៧៧ គួរអោយមោទកភាព។
បន្ទាប់ពី អូលីវ៉ា គង់ កញ្ញា ស៊ីន យូប៊ីន និងប្អូន ស្រី ឥឡូវនេះ ឡេឌីស៍ បានដំណឹងថ្មីទៀតថា សិល្បការិនីកម្ពុជាម្នាក់ទៀត គឺ តារាសម្ដែង និងពិធីការិនីប្រើប្រាស់ភាសាអង់គ្លេសយ៉ាងល្អ រ៉េត សារីតា ក៏ត្រូវបានអញ្ជើញដែរ។
ពាក់ព័ន្ធនឹងដំណឹងនេះ ដំបូងឡើយ គេឃើញ តារាស្រីរូបនេះបង្ហោះវីដេអូទៅដើរលេងនៅបរទេស។ សារីតា ស្លៀករ៉ូបសាច់យឺតពណ៌ខ្មៅពីក្នុង ស្បែកជើងស្បែកពណ៌ខ្មៅ និងពាក់អាវធំវែងពណ៌ស្ករ មើលទៅដូចនារីអភិជនម្នាក់ ដើរយ៉ាងឡូយកណ្ដាលទីក្រុង។
វីដេអូនេះ ដំបូង គ្មាននរណាដឹងថា នាងនៅទីណា ធ្វើអ្វីឡើយ។ ប៉ុន្តែចុងក្រោយនេះ នាងបានបើកបង្ហាញរូបភាពប៉ុន្មានសន្លឹកទៀត ដោយថតជាមួយសិល្បករបរទេសប៉ុន្មាននាក់ នៅក្នុងមហោស្រព ទើបដឹងថា សារីតា ក៏កំពុងមានវត្តមាន នៅទីក្រុងកានប្រទេសបារាំងដែរ។
នៅលើកម្រាលព្រំក្រហមដ៏មានកិត្តិយស សារីតា រើសយកការតុបតែងខ្លួនដោយគ្រងរ៉ូបពណ៌ខ្មៅដដែលតែម៉ូតផ្សេង។
ផ្គូរជាមួយនឹងការម៉ូដសក់មិនសូវសុំាញុំា បបូរមាត់រំលេចដោយក្រែមក្រហមឆ្អៅ មួយឈុតនេះមើលទៅសាមញ្ញ ប៉ុន្តែទាក់ទាញមិនធម្មតា។
ចំណុចលេចធ្លោ សារីតា ដែលហាក់មានសាច់ជាងពេលមុននោះ មើលទៅ ពិតជាស្អាតខ្លាំងតែម្ដង។
រ៉េត សារីតា ជាសិល្បករខ្មែរទី៥ បន្ទាប់ពី អូលីវ៉ា គង់ ស៊ិន យូប៊ីន និងប្អូនស្រី ព្រមទាំងតារាម៉ូដែលម្នាក់ទៀតទៅជាមួយលោក អូលីវ៉ា។ ក្រៅពីសិល្បករខ្មែរ ក៏នៅមានអ្នកជំនួញល្បីឈ្មោះកម្ពុជាម្នាក់ទៀតដែរ គឺអ្នកស្រី ស៊ាន សូលីនដា ដែលភាគច្រើន ប្រិយមិត្តស្គាល់ថា ម៉ាដាម ដា៕