ភាពយន្តរឿង Anora ដែលនិពន្ធនិងដឹកនាំសម្តែងដោយផលិតករអាមេរិក លោក Sean Baker បានឈ្នះពាន Palme d’Or នៅក្នុងមហោស្រពភាពយន្តទីក្រុងកាន លើកទី៧៧ ទើបបញ្ចប់ទៅថ្មីៗនេះ។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺតួឯកស្រី នៅក្នុងរឿងនេះ សម្តែងដោយតារាល្បី Mikey Madison។
Mikey Madison ត្រូវសម្តែងជាតួអង្គនារីបម្រើសេវាកម្សាន្ត ដែលតម្រូវឱ្យនាងសម្តែងឱ្យដូចពិតៗ។ នៅក្នុងសាច់រឿងនិពន្ធដោយផលិតករ Sean Baker តួអង្គ Madison ជានារីវ័យក្មេងរកស៊ីផ្លូវភេទ មកពី Brooklyn ទីក្រុងញូយ៉ក។ ដើម្បីសម្តែងឱ្យដូចនារីផ្តល់សេវាកម្សាន្ត Madison បានដកពិសោធន៍ដោយចូលទៅក្នុងតំបន់ភ្លើងក្រហម នៅញូយ៉ក ហើយបានជួបជជែកជាមួយនឹងនារីរកស៊ីផ្លូវភេទនៅទីនោះ។ Madison ធ្វើបែបនេះដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែងអំពីតួអង្គដែលនាងត្រូវសម្តែង នោះគឺ នារីបម្រើសេវាកម្សាន្តវ័យក្មេង មកពីញូយ៉ក។
ពាក់ព័ន្ធនឹងរឿងនេះ ផលិតករ Sean Baker បាននិយាយថា Madison សម្តែងបានល្អឥតខ្ចោះនៅក្នុងរឿង Anora។ ទាំងតុងសំឡេង ទាំងបុគ្គលិកលក្ខណៈ គឺតារាសម្តែងស្រីរូបនេះ ធ្វើបានល្អមែនទែន ពោលគឺដូចខ្លាំងទៅនឹងទិដ្ឋភាពពិតជាក់ស្តែងនៅក្នុងសង្គមខាងក្រៅ។ គួរឱ្យដឹងថា រឿង Anora បានឈ្នះពាន Palme d’Or នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន លើកទី ៧៧ ដែលទើបបញ្ចប់ទៅថ្មីៗនេះ៕