សមមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចេញសេចក្តីជូនដំណឹងរួមគ្នាមួយ ស្តីអំពី ការបន្តពង្រឹងការអនុវត្តការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
សេចក្តីប្រកាសនៃវិធានការថ្មីនេះ គឺដើម្បីធានានូវ ប្រសិទ្ធភាពនៃប្រតិបត្តិការអាជិវកម្មធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រកបដោយទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងមិរញ្ញវត្ថុ ដែលជាសមាជិកទាំងអស់ ក្រុមប្រឹក្សាភិបាលនៃសមាគមទាំងពីរ បានអនុម័តលើវិធានសម្រាប់បន្តពង្រឹងប្រតិបត្តិការអាជីវកម្មខាងក្រោម៖
១. មិនត្រូវទទួលយកដីកម្មសិទ្ធិសមូហភាព មានដូចជា ដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយជាមួយរដ្ឋ មកធ្វើជាទ្រព្យធានាឥណទានថ្មី។ ឧទាហរណ៍ ដីសហគមន៍ ដីសហគមន៍ជនជាតិដើមភាគតិច ដីសមូហភាព ដីអាជ្ញាធរជាតិអប្សរា ដីដែនជម្រកសត្វព្រៃ ដីតំបន់ការពារ ដីច្រករបៀង និងដីតំបន់ការពារផ្សេងទៀត។ល។
២. ក្នុងករណីដែលគ្រឹះស្ថានកំពុងមានទ្រព្យធានាជាប្រភេទដីទាំងនោះ គ្រឹះស្ថាន៖
ក) មិនត្រូវប្រើវិធីសាស្រ្តលក់ដោយបង្ខំ ឬលើកទឹកចិត្តឲ្យអតិថិជនលក់ជាដាច់ខាត។
ខ) ត្រូវប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិ ដែលបានដាក់ជាទ្រព្យធានាឥណទានទាំងនោះ ទៅឲ្យអតិថិជនវិញ ដោយការបង់សងឥណទាននោះត្រូវបានបញ្ចប់។
៣. ហាមឃាត់ទទួលយកឯកសារសម្គាល់អត្តសញ្ញាណបុគ្គលដែលរួមមាន អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្រកំណើត និងបណ្ណសមធម៌ សម្រាប់ធនាលើការផ្តល់ឥណទាន ជាដាច់ខាត។
៤. ការផ្តល់ឥណទានចំពោះគ្រួសារដែលមានបណ្ណសមធម៌ ត្រូវធ្វើឡើងដោយមានការវាយតម្លៃលទ្ធភាពសងឥណទានឲ្យបានត្រឹមត្រូវ និងហ្មត់ចត់។ ចៀសវាងការផ្តល់ឥណទានដែលមានទំហំលើសពីសម្ថភាព ដែលអាចប្រឈមនឹងបំណុលច្រើនលើសលប់។
៥. ដើម្បីបន្តការធានាបាននូវបរិយាបន្នហិរញ្ញវត្ថុចំពោះប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផលលើដី កម្មសិទ្ធសមូហភាព មានដូចជា ដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋដែលបានចុះបញ្ជីរួចហើយជាមួយរដ្ឋ និងប្រជាពលរដ្ឋ ដែលមានបណ្ណសមធម៌នោះ ក្រុមប្រឹក្សាភិបាលនៃសមាគមទាំងពីរ សូមលើកទឹកចិត្តដល់គ្រឹះស្ថានដែលជាសមាជិកទាំងអស់ បន្តផ្តល់ឥណទានដល់ពួកគាត់តាមរយៈ ការផ្តល់ឥណទានដោយគ្មានទ្រព្យធានាព្រមទាំងមានការវាយតម្លៃលទ្ធភាពបង់សងត្រឡប់ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។
បើយោងតាមសេចក្តីថ្លែងការណ៍ សមាគមទាំងពីរបានជំរុញឱ្យស្ថាប័នសមាជិកទាំងអស់បន្តផ្តល់ឥណទានដល់អ្នកខ្ចីទាំងនេះ តាមរយៈវិធីសាស្ត្រផ្តល់កម្ចីគ្មានសុវត្ថិភាព។
កម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៩ ធនាគារឯកទេសចំនួន ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៧ និងគ្រឹះស្ថានឥណទានជនបទចំនួន ១១៥ នៅទូទាំងប្រទេស ដែលមានគណនីបញ្ញើចំនួន ២១,៣ លានគណនី និងគណនីឥណទានចំនួន ៤ លានគណនី នេះបើយោងតាមធនាគារជាតិនៃកម្ពុជា (NBC) ឬធនាគារកណ្តាល។
NBC បានឱ្យដឹងថា ស្ថាប័នធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជាបានផ្តល់ប្រាក់កម្ចីចំនួន ៥៨.៩ ពាន់លានដុល្លារដល់អតិថិជនគិតត្រឹមខែមិថុនាឆ្នាំនេះ ខណៈដែលស្ថាប័នទាំងនោះបានទទួលយកប្រាក់បញ្ញើចំនួន ៥១.៩ ពាន់លានដុល្លារ៕