ថ្នាលទេសចរណ៍ឌីជីថល Agoda បានចាត់ចំណាត់ថ្នាក់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា ជាទីក្រុងដែលអ្នកទេសចរអាចចំណាយថវិកាសមរម្យបំផុតក្នុងតំបន់អាស៊ី សម្រាប់ដំណើរកម្សាន្តប្រារព្ធពិធីបុណ្យចូលឆ្នាំសកល។
តាមការស្រាវជ្រាវរបស់ Agoda បង្ហាញថាការស្នាក់នៅក្នុងទីក្រុងភ្នំពេញមានតម្លៃសមរម្យ បើធៀបនឹងទីក្រុងល្បីៗនៅក្នុងតំបន់អាស៊ីផ្សេងទៀតក្នុងរដូវដ៏មមាញឹកនេះ។
ខណៈពេលដែលទីក្រុងល្បីៗដូចជាតូក្យូ និងសេអ៊ូលអាចមានតម្លៃថ្លៃខ្លាំង រាជធានីភ្នំពេញផ្តល់ឱកាសឱ្យអ្នកទេសចរ រីករាយជាមួយពិធីបុណ្យដ៏រស់រវើក ដោយមិនចាំបាច់ចំណាយប្រាក់ច្រើនពេក។ តម្លៃដ៏សមរម្យ រួមជាមួយនឹងប្រវត្តិសាស្រ្តវប្បធម៌ដ៏សម្បូរបែប ម្ហូបអាហារចម្រុះជាតិសាសន៍កាន់តែរីកចម្រើន និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនខ្មែរ ធ្វើឱ្យរាជធានីភ្នំពេញក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់អ្នកដែលចង់ផ្លាស់ប្តូរ ឬចង់ស្វែងយល់ពីការប្រារព្ធពិធីបុណ្យចូលឆ្នាំសកល តាមរបៀបប្លែកៗ និងមិនអាចបំភ្លេចបាន។
ការកើនឡើងប្រជាប្រិយភាពរបស់ទីក្រុងនេះឆ្លុះបញ្ចាំងពីនិន្នាការឆ្ពោះទៅរកភាពទាក់ទាញចម្រុះរបស់អាស៊ីអាគ្នេយ៍លើសពីគោលដៅទេសចរណ៍ធម្មតា។