នៅថ្ងៃទី 2 ខែតុលា ឆ្នាំ 2024 រយៈពេល 2 ថ្ងៃបន្ទាប់ក្រោយការបញ្ចប់កម្មវិធី Paris Fashion Week, Celine បានបញ្ជាក់ព័ត៌មានសំខាន់ ចំនួន 2។ ទី 1 គឺ លោក Hedi Slimane បានប្រកាសលាលែងពីតំណែងនាយកច្នៃប្រឌិតជាមួយ Celine បន្ទាប់ពីកាន់តំណែងនេះអស់រយៈពេល 7 ឆ្នាំ។
ដោយមិននឹកស្មានដល់ នៅប៉ុន្មានម៉ោងក្រោយ Celine ក៏បានប្រកាសយ៉ាងឆាប់រហ័សអំពីការតែងតាំង លោក Michael Rider ចូលកាន់តំណែងជានាយកផ្នែកច្នៃប្រឌិត ដែលនឹងចូលជាធរមាននៅដើមឆ្នាំ 2025។ Michael Rider នឹងទទួលខុសត្រូវទាំងស្រុងលើការច្នៃម៉ូតសម្លៀកបំពាក់បុរស សម្លៀកបំពាក់ស្ត្រី ទំនិញស្បែក និងគ្រឿងលម្អប្រាណបន្ថែម ជាមួយស៊េរីខ្ពស់។
គួរបញ្ជាក់ថា លោក Michael Rider ធ្លាប់បានធ្វើការឱ្យផ្ទះម៉ូតដ៏ប្រណីត “Celine” អស់រយៈពេល 10 ឆ្នាំមកហើយ ដោយមានតួនាទីជានាយកផ្នែករចនាម៉ូតសម្លៀកបំពាក់ដែលត្រៀមរួចជាស្រេច កាលសម័យ Old Céline និងជាបុរសដៃស្តាំរបស់ Phoebe Philo ។ ការត្រឡប់មកវិញរបស់ Michael Rider ទៅកាន់ Celine បានធ្វើឱ្យឧស្សាហកម្មម៉ូតសម្លៀកបំពាក់ពោរពេញទៅដោយការចង់ដឹងចង់ឃើញអំពីអនាគតរបស់ Celine ។
Michael Rider បាននិយាយថា
“Celine គឺជាម៉ាកដែលខ្ញុំស្រឡាញ់ខ្លាំងបំផុត និងមានកេរ្តិ៍ដំណែលយ៉ាងសម្បូរបែប។ ខ្ញុំមានកិត្តិយសក្នុងការត្រឡប់មកវិញ និងធ្វើការជាមួយក្រុម Celine ដើម្បីបង្កើតអនាគតដ៏ត្រចះត្រចង់នៃម៉ាកយីហោ”
ខ្លះៗអំពីអាជីពម៉ូដរបស់ Michael Rider
ប្រហែលជាមានមនុស្សជាច្រើនពុំសូវស្គាល់ ឈ្មោះ Michael Rider ទេ ប៉ុន្តែការសម្តែងរបស់គាត់នៅក្នុងឧស្សាហកម្មម៉ូដមិនអាចត្រូវបានគេប៉ាន់ស្មានបានឡើយ។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Brown នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ 2002… អាជីពម៉ូដរបស់ Michael Rider បានចាប់ផ្តើមនៅពេលដែលលោកចូលរួមជាមួយ Balenciaga ក្នុងឆ្នាំ 2004 ហើយបានធ្វើការជាមួយនាយកច្នៃប្រឌិតម៉ាក Balenciaga គឺលោក Nicolas Ghesquière អស់រយៈពេល 4 ឆ្នាំ។
ក្រោយមកគាត់បានចូលបម្រើការងារជាមួយ Céline ក្រោមការដឹកនាំរបស់ Phoebe Philo និងកាន់តំណែងនាយកផ្នែករចនាម៉ូតសម្លៀកបំពាក់អស់រយៈពេល 10 ឆ្នាំ។ Phoebe Philo បានលាលែងពីតំណែងជានាយកច្នៃប្រឌិត Céline ក្នុងឆ្នាំ 2017 ហើយភ្លាមៗបន្ទាប់ពី Hedi Slimane ចូលកាន់តំណែងជានាយកច្នៃប្រឌិត លោក Michael Rider ក៏បានចាកចេញនៅឆ្នាំ 2018។