ខណៈពេលដែលអ្នកគិតថា សាប៊ូកក់សក់គឺជាភ្នាក់ងារសម្អាតភាពកខ្វក់ចេញសក់យ៉ាងមានប្រសិទ្ធិភាព ប៉ុន្តែវាក៏មានសារៈសំខាន់ផងដែរក្នុងការពិចារណាទៅលើការជ្រើសរើសសាប៊ូឱ្យសមស្របទៅតាមប្រភេទស្បែកក្បាល របស់អ្នក។
សាប៊ូកក់សក់ទាំងអស់មានសមត្ថភាពសម្អាតសក់ខុសៗគ្នា ដូច្នេះហើយ អ្នកត្រូវកំណត់អត្តសញ្ញាណប្រភេទស្បែកក្បាលរបស់អ្នក មុនពេលជ្រើសរើសសាប៊ូមកប្រើប្រាស់។
ស្បែកក្បាលស្ងួត
ប្រសិនបើអ្នកមានស្បែកក្បាលស្ងួត សក់សំពោង និងបែកចុង សូមជ្រើសរើសសាប៊ូកក់សក់ណាដែលអាចផ្តល់សំណើមដល់សរសៃ ហើយគ្រឿងផ្សំសំខាន់ៗមានដូចជា គ្លីសេរីន និងប្រេងធម្មជាតិ ដូចជាប្រេងផ្លែប៊័រ ប្រេង Argan និងប្រេងដូង។ លើសពីនេះ អ្នកគួរចៀសវៀងសាប៊ូដែលមានសារធាតុស៊ុលហ្វាតខ្ពស់។
ស្បែកក្បាលមានជាតិប្រេង
សូមចៀសវាងសាប៊ូកក់សក់ដែលផ្តល់សំណើមខ្ពស់ ឬធ្វើឱ្យសក់រលោង ព្រោះវាអាចបន្ថែមជាតិប្រេងលើសកម្រិត ដល់ស្បែកក្បាល និងសរសៃសក់របស់អ្នក។ កក់សក់ជារៀងរាល់ថ្ងៃ ហើយជ្រើសរើសសាប៊ូណា ដែលអាចរក្សាស្បែកក្បាលឱ្យមានតុល្យភាព ដើម្បីជួយកាត់បន្ថយជាតិប្រេង និងសម្អាតសក់បានស្អាតល្អ។
ស្បែកក្បាលមានអង្គែ
ស្បែកក្បាលដែលកើតមានអង្គែ ឬស្នាមក្រម៉ពណ៌សៗនៅក្នុងសក់របស់អ្នក សូមជ្រើសរើសសាប៊ូកក់សក់ដែលអាចប្រឆាំងនឹងអង្គែ សម្លាប់មេរោគផ្សិត មានសារធាតុផ្សំដូចជា Ketoconazole, zinc pyrithione និង អាស៊ីត Salicylic។
ស្បែកក្បាលរមាស់
សូមជ្រើសរើសសាប៊ូកក់សក់ ដែលមានសារធាតុ Hypoallergenic ពោលគឺ គ្មានសារធាតុផ្សំអាក្រក់ គ្មានជាតិគីមី ឬក្លិនក្រអូប ដើម្បីចៀសវាងប្រតិកម្មជាមួយស្បែកក្បាល។
សូមបញ្ចាក់ផងដែរថា ៖ ការកក់សក់/បន្ទន់សក់ គួរអនុវត្តពីចុងសក់ឡើងទៅលើស្បែកក្បាល ហើយបើអាច ពេលបន្ទន់សក់ អ្នកមិនគួរឲ្យក្រែមបន្ទន់សក់ប៉ះស្បែកក្បាលផ្ទាល់ទេ ព្រោះក្រែមបន្ទន់សក់ទាំងអស់ភាគច្រើនមានជាតិប្រេងកំហាប់ខ្ពស់ វាអាចធ្វើឲ្យស្ទះឬសសរសៃសក់បាន។