ស្ទូឌីយោបច្ចេកវិទ្យាច្នៃប្រឌិតប្រព័ន្ធឌីជីថល ដែលឈ្មោះថា “Ffface.Me” បានធ្វើការចាប់ផ្តើមការដាក់បង្ហាញនូវប្រភេទម៉ូតខោខូវប៊យសម្រាប់យុវវ័យដែលមានបង្កប់ប្រព័ន្ធឌីជីថលពាក់កណ្តាលជាដំបូងគេបង្អស់នៅលើពិភពលោក។
ការរចនាម៉ូតខោខូវប៊យដ៏អស្ចារ្យមួយនេះ បានផ្តល់លក្ខណៈយ៉ាងពិសេសដល់អតិថិជនគ្រប់រូបនៅក្នុងមុខងារឌីជីថល ដែលអាចឱ្យមានដំណើរការប្រព័ន្ធស្កេនកូដ QR បន្ថែមនូវវិធីសាស្រ្តដោយភាពច្នៃប្រឌិតទៅលើការបង្កើតមាតិកាប្លែកៗ នេះបានផ្តល់ឱ្យអតិថិជននូវមុខងារឌីជីថលផ្តាច់មុខដែលអាចចូលដំណើរការបាននៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ។
លោក Dmytro Kornilov គឺជានាយកប្រតិបត្តិការនៃ “Ffface.Me” បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Semi-Digital Jeans Collection គឺជាប្រភេទខោទីមួយដែលទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកប្រើប្រាស់អ៊ីនធើណេត ហើយផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសគឺយល់អំពីគោលបំណងនៃការផលិតខោប្រភេទនេះមក។ នេះគឺជាអ្វីដែលពួកយើងរំពឹងទុកអំពីការចេញម៉ូតសម្លៀកបំពាក់នីមួយៗ” ។
លោកបានបន្តនិយាយទៀតថា “បើទោះបីប្រព័ន្ធឌីជីថលបានក្លាយជាផ្នែកដ៏សំខាន់មួយនៃជីវិតរបស់យើងក៏ដោយ នោះរាងកាយរបស់យើងក៏ត្រូវតែមានធាតុផ្សំនៃម៉ូតសម្លៀកបំពាក់ចូលរួមផងដែរ ហើយម៉ូតនៃសម្លៀកបំពាក់ត្រូវមានការប្រទាក់ក្រឡាគ្នាជាមួយប្រព័ន្ធឌីជីថល”។
ការចេញដំបូងនៃខោខូវប៊យបង្កប់ប្រព័ន្ធឌីជីថលពាក់កណ្តាល បានធ្វើឱ្យ Ffface.Me ទទួលបានកេរ្តិ៍ឈានមុខគេបំផុតក្នុងការផលិតម៉ូតសម្លៀកបំពាក់បង្កប់ប្រព័ន្ធឌីជីថលពាក់កណ្តាលឌីជីថល និងបានប្រកាសខ្លួនជាស្ទូឌីយោម៉ាកយីហោម៉ូតឯករាជ្យ។