សេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែសត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រាចំនួន ៥,៨២% ក្នុងសារពើពន្ធឆ្នាំ២០២៤ នេះបើយោងតាមការប៉ាន់ស្មានបណ្ណោះអាសន្នដោយការិយាល័យបង់ក្លាដែស។
នៅក្នុងឆ្នាំសារពើពន្ធឆ្នាំ២០២៣ កំណើននៃផលិតផលក្នុងស្រុកសរុប (GDP) របស់បង់ក្លាដែសបានកើនឡើងបន្តិចចំនួន ៥,៧៨% ដែលប្រហាក់ប្រហែលនឹងការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ៥,៧% និងធនាគារពិភពលោក ៥,៦%។
ចំពោះប្រាក់ចំណូលសម្រាប់មនុស្សម្នាក់បានកើនឡើងបន្តិចត្រឹមចំនួន ២.៧៨៤ ដុល្លារក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន កើនពី ២.៧៤៩ ដុល្លារកាលពីឆ្នាំមុន នេះបើយោងតាមការប៉ាន់ស្មានដោយផ្អែកលើទិន្នន័យ ៧ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន។
កំណើននៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសបង់ក្លាដែសក្នុងតម្លៃបច្ចុប្បន្នមានចំនួន ៤៥៩ ពាន់លានដុល្លារ បើព្រៀបធៀបជាមួយឆ្នាំមុនគឺមានចំនួន ៤៥២ ពាន់លាន់ដុល្លារ ។
បើតាមការលើកឡើងរបស់លោក Monzur Hossain នាយកស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាអភិវឌ្ឍន៍បង់ក្លាដែសបាននិយាយថា វាត្រូវបានសន្មត់រួចហើយថាថាអត្រាកំណើននឹងនៅក្រោម ៦%។ លោកបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណបច្ចុប្បន្នដោយ BBS នេះ គឺបណ្ណោះអាសន្ន ហើយអាចផ្លាស់ប្តូរបាន។ លោកបានបន្តទៀតថា កំណើននៃវិស័យឧស្សាហកម្មអាចនឹងប៉ះពាល់ដោយការកាត់បន្ថយការនាំចូល ដែលប៉ះពាល់ដល់លទ្ធភាពរកបានវត្ថុធាតុដើម និងគ្រឿងម៉ាស៊ីន ក្រៅពីនេះ ការឡើងថ្លៃប្រេងអាចនឹងរារាំងដល់ផលិតកម្មឧស្សាហកម្មថែមទៀត។
លោក Monzur Hossain បានបន្ថែមទៀតថាចំពោះ វិស័យកសិកម្មអាចនៅតែមានស្ថិរភាព ជាមួយនឹងកំណើនសេវាកម្មតិចតួច ប៉ុន្តែកំណើនឧស្សាហកម្មមានសារៈសំខាន់ណាស់។ ទាំងការវិនិយោគរួម និងឯកជនធ្លាក់ចុះ ដែលបណ្តាលឲ្យមានអស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចដែលរងឥទ្ធិពលដោយកត្តាដូចជាតុល្យភាពនៃការទូទាត់ និងអត្រាប្តូរប្រាក់។ ហើយនៅពេលនេះ ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានសារៈសំខាន់ណាស់ ។ នៅក្នុងនោះលោកបានស្នើថា គួរតែមានតុល្យភាពរវាងគោលនយោបាយរូបិយវត្ថុ និងប្រាក់ចំណូល។ អត្រាប្តូរប្រាក់ និងអត្រាការប្រាក់ក៏គួរផ្អែកលើទីផ្សារផងដែរ៕