នារាត្រីថ្ងៃទី16 ព្រឹត្តិការណ៍នៃការពិពណ៌កម្មវិធី Gumball 3000 បានចាប់ផ្តើមជាមួយសម្រស់ភ្លើងពណ៌ដ៏ស្រស់ស្អាតជុំវិញបរិវេណប្រាសាទបាយ័ន ដោយបង្ហាញនូវសិល្បៈខ្មែរ មានទាំងរបាំប្រពៃណីខ្មែរ ព្រមទាំងចូលរួមស្លៀកបំពាក់ប្រពៃណីជាតិខ្មែរ… ទទួលបានពិសោធន៍ល្អៗ ទុកជាការចងចាំអនុស្សារវរីយ៍។
នៅក្នុងកម្មវិធីនោះផងដែរ យើងក៏ប្រទះឃើញនូវវត្តមាននៃការចូលរួមរបស់ លោក JB ឬ JB always fresh ដែលជាកំពូលតារា TikTok មានកេរ្តិ៍ឈ្មោះល្បីល្បាញជុំវិញពិភពលោក ជាមួយនឹងអាជីពជាងកាត់សក់របស់គាត់ ហើយបានលើកសរសើរមិនដាច់ពីមាត់អំពីភាពអច្ឆរិយៈដ៏អស្ចារ្យនៃប្រទេសកម្ពុជា។
JB always fresh និយាយលើកឡើងថា “ខ្ញុំបានឮថាប្រាសាទទាំងអស់នៅទីនេះមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងសាងសង់ឡើងដោយកម្លាំងពលកម្មមនុស្សជាតិខ្មែរដោយផ្ទាល់, ខ្ញុំពិតជាមានសេចក្តីរំភើប ព្រមទាំងសប្បាយជាខ្លាំងដែលបានឈរនៅក្នុងទីតាំងប្រវត្តិសាស្រ្ត, ខ្ញុំពិតជាមិននឹកស្មានថា ប្រទេសកម្ពុជាមាននូវវត្ថុអច្ឆរិយៈដ៏អស្ចារ្យក្នុងពិភពលោកបែបនេះទាល់តែសោះ។ នេះជាអ្វីដែលខ្ញុំមិនអាចបំភ្លេចបានអំពីវប្បធម៌នៃប្រទេសកម្ពុជា។”
បន្ថែមពីនេះ JB ក៏បានលើកឡើងថា “ប្រសិនបើមានឱកាស ខ្ញុំនឹងត្រឡប់មកប្រទេសកម្ពុជាម្តងទៀត… មិនមែនទេ គឺខ្ញុំត្រូវតែត្រឡប់មកប្រទេសដ៏អស្ចារ្យមួយនេះតែម្តង”។
@jingzerxing2♬ original sound – Jing Zer Xing II
សូមបញ្ជាក់ថា នៅក្នុងរាត្រីនៃកម្មវិធី Gumball 3000 ក៏មានតារា Influencer ល្បីៗជាច្រើនបានចូលរួម ដែលនេះហាក់ដូចជាប្រយោជន៍ដល់ប្រទេសកម្ពុជាយ៉ាងខ្លាំង ក្នុងការបង្ហាញច្បាស់ៗអំពីវប្បធម៌ ប្រពៃណី ជាពិសេសតំបន់ទេសចរណ៍នៅក្នុងស្រុក (ប្រាសាទបុរាណ) ឱ្យមានភាពរស់រវើកទៅកាន់ជុំវិញពិភពលោក។