សូមមកសាករបស់ថ្មី នៅ Angkor speed way ដែលជាកន្លែងប្រណាំងឡានដ៏ទំនើប និងមានទេសភាពបែបប្លែកភ្នែក ដោយបានគយគន់ទេសភាពដ៍ស្រស់ស្អាតនៃសួនផ្កា ដែលទីតាំងនៅ ភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ផ្លូវចូលទល់មុខសាលាឃុំខ្ចាស់។
ទីតាំងខាងលើនេះ ទើបបើកសម្ពោធផ្លូវការសម្រាប់ទទួលភ្ញៀវទេសចរ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ដោយអាចនិយាយបានថា ជាកន្លែងដំបូងគេនៅក្នុងទឹកដីខេត្តសៀមរាប ដែលមានបើកបម្រើសេវាកម្មជិះ Go-Kart ឬកូនឡានប្រណាំង ហើយក៏ជាសកម្មភាពកម្សាន្តថ្មី ប្លែកអារម្មណ៍ គួរឲ្យចង់ទៅជិះលេងកម្សាន្តជាមួយដៃគូ ក៏ដូចជាមិត្តភក្តិជាដើម។
បច្ចុប្បន្នទីតាំងប្រណាំងឡាននៅក្នុងប្រទេសកម្ពុជា គឺមានចំនួន ៣កន្លែង ផ្សេងទៀត ដូចជានៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងនៅខេត្តព្រះសីហនុ។ នៅក្នុងការបង្កើតកន្លែងសម្រាប់កំសាន្ត ជាពិសេសកន្លែងប្រណាំងឡានបែបទំនើបនេះ ជាការចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរដ៏សំខាន់សម្រាប់ខេត្តសៀមរាប ដោយទទួលបានចំណីអារម្មណ៍ថ្មី ប្លែក សម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិទៅលេងកំសាន្តនៅទីនោះ។
សូមជម្រាប់ជូនផងដែរថា គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៤ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរណ៍ សរុប ១,៨០០,០០០នាក់ ក្នុងនោះភ្ញៀវទេសចរណ៍បរទេសមានចំនួន ៤៧០,០០០នាក់ និងភ្ញៀវទេសរណ៍ជាតិមានចំនួន ១,៣០០,០០០នាក់។ ទាំងនេះជាចំណុចវិជ្ជាមានមួយសម្រាប់វិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តនៅតំបន់ផ្សេងៗ នៃតំបន់ខេត្តសៀមរាប។ ទោះជាយ៉ាងណា ខេត្តសៀមរាប ក៏នៅតែបន្តបង្កើតព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តអោយកាន់តែច្រើនបន្ថែមទៀតផងដែរ៕