នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានឯកភាពលើការពង្រឹងកិច្ចសហការបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការផ្តល់អាហារូបករណ៍ និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមបច្ចេកទេសនៃប្រទេសទាំងពីរ។
នៅក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីការពិនិត្យលទ្ធភាពផ្តល់អាហាររូបករណ៍ដល់ពលរដ្ឋកម្ពុជាលើជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលឥណ្ឌូនេស៊ីមានសក្តានុពល និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមផ្នែកបច្ចេកទេសវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។ សម្រាប់ថ្នាក់ដឹកនាំទាំងពីរ កិច្ចការនេះនឹងក្លាយជាចលករសំខាន់សម្រាប់ជួយជ្រោមជ្រែងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតផងដែរ។
រួមជាមួយនោះ ភាគីទាំងពីរ ក៏បានជជែក និងចែករំលែកពីទស្សនៈវិស័យក្នុងនាមប្រទេសបញ្ជូនពលករទៅកាន់ពិភពលោកដូចគ្នា។ ក្នុងនោះឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ក្រសួងការងារ និងរាជរដ្ឋាភិបាលទាំងមូលដែលបានមើលថែពលរដ្ឋខ្លួនដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសកម្ពុជាដោយគ្មានការរើសអើង។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់ភាគីឥណ្ឌូនេស៊ីថា ក្រសួងការងារក្នុងនាមជាប្រទេសទទួល និងក្នុងនាមជាមិត្តនៅក្នុងតំបន់អាស៊ាន ការផ្តល់ការគោរពសិទ្ធិដល់ពលរដ្ឋទូទៅ និងជនបរទេសជាកាតព្វកិច្ចដែលកម្ពុជាត្រូវធ្វើឱ្យល្អបំផុតជាពិសេសក្នុងអាណត្តិទី៧នេះ ដែលក្រសួងបានយកចិត្តទុកដាក់ជាអាទិភាពមិនថាពលរដ្ឋបរទេសក្នុងទឹកដីកម្ពុជា ឬពលរដ្ឋកម្ពុជាដែលចេញទៅបម្រើការនៅបរទេសនោះទេ៕ដោយ កែន មី