នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ កម្ពុជា នឹងមានការរៀបចំបើកសម្តែងល្ខោនអូប៉េរ៉ាអន្តរជាតិមួយយ៉ាងអស្ចារ្យជាលើកដំបូង រឿង Madama Butterfly ដែលជារឿងនិទានពីយូរមកហើយ អំពីស្នេហាតែម្ខាង ដែលកំពុងសណ្តំដួងចិត្តទស្សនិកជនជុំវិញពិភពលោក ដឹកនាំសម្តែងដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍន៉ា មុនីពង្ស និងអ្នកដឹកនាំសម្តែងជនជាតិអ៊ីតាលីមានឈ្មោះថា Maestro Vincenzo Grisostomi Travaglini។
លោក Tassilo Brinzer ក្នុងនាមជាប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា យល់ឃើញថាការរៀបចំព្រឹត្តិការណ៍តន្ត្រី Opera Madama Butterfly នេះមានសារៈសំខាន់ណាស់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសកម្ពុជា ជាមួយសហភាពអឺរ៉ុប ជាក់ស្តែងដូចជាប្រទេសអ៊ីតាលី និងប្រទេសផ្សេងៗទៀតសុទ្ធសឹងតែជាប្រទេសនៃបណ្តុំមរតកនៃវប្បធម៌ ដែលគួរតែចែករំលែកទៅកាន់ពិភពលោក ហើយតាមរយៈព្រឹត្តិការណ៍នេះ ក៏នឹងចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវអន្តរជាតិមកកាន់កម្ពុជាផងដែរ។
ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមសំដែងដោយសិល្បករនិងតន្តី្រករចំនួន៧០រូប ក្នុងនោះក៏មាន លោក ឃួន សិទ្ធិស័ក្ដិ ដែលជាសិល្បករឆ្នើមនិងជាអ្នកចម្រៀងអូប៉េរ៉ាកម្ពុជាក៏នឹងចូលរួមសម្ដែងក្នុងល្ខោនអូប៉េរ៉ាអ៉ីតាលី «Madama Butterfly» នៅរោងមហោស្រពកោះពេជ្រក្នុងរាជធានីភ្នំពេញ នេះផងដែរ។ សិល្បករចម្រៀងអូប៉េរ៉ារូបនេះបានទទួលពានរង្វាន់ជាច្រើន ដោយរាប់ថាជាអ្នកចម្រៀងអូប៉េរ៉ាកម្ពុជាដំបូងគេដែលត្រូវបានបណ្តុះបណ្តាលនៅក្រៅប្រទេស។ ក្រៅពីនោះ ក៏មានតារាអន្តរជាតិផ្សេងទៀតមកពីប្រទេសអ៊ីតាលី និងជប៉ុនជាដើម បានរួមគ្នាបង្កើតនូវទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍។
លោក Gabriele Faja នាយកគ្រប់គ្រងផ្នែកផលិតកម្មវិធី បានមានប្រសាសន៍ថា៖ “ការនាំយកល្ខោនអូប៉េរ៉ាមកប្រទេសកម្ពុជា យើងរំពឹងថានឹងបានបង្ហាញនូវទេពកោសល្យផ្នែកសិល្បៈ និងវប្បធម៌ខ្មែរ។ យើងបានមើលឃើញនូវសម្ថភាពរបស់អត្ថពលិក និងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមរបស់កម្ពុជា ដែលបានបង្ហាញឲ្យយើងស្គាល់នូវវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសមួយនេះ។ ម្យ៉ាងយើងក៏សង្ឃឹមថាការសម្តែងរួមគ្នារវាងសិល្បករកម្ពុជា និងអន្តរជាតិលើឆាកសម្តែងអូប៉េរ៉ាដ៏ធំនេះ នឹងបានបង្ហាញដល់មហាជនគ្រប់រូបឲ្យបានឃើញថាប្រទេសកម្ពុជាមានទម្រង់សិល្បៈជាច្រើនទៀត”។
ល្ខោនអូប៉េរ៉ា Madama Butterfly គឺជាជំហ៊ានដ៏សំខាន់មួយនៅក្នុងដំណើររបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ការទទួលយកនូវវប្បធម៌ពោរពេញទៅដោយសោភ័ណ្ឌភាព ភាពស្រស់ស្អាត និងសិល្បៈ។
គួរបញ្ជាក់ផងដែរថា ការសម្តែងរឿង «Madama Butterfly» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែធ្នូ វេលាម៉ោង៥ល្ងាច នៅសាលមហោស្រព កោះពេជ្រ។ សំបុត្រចូលរួមមានតម្លៃចន្លោះពី២៥ដុល្លារ ទៅដល់ ១៣៥ដុល្លារ។