កម្មវិធី វិថីហិរញ្ញវត្ថុ ក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីអំពី “ រៀបចំអនាគត ផ្តើមចេញពីការរៀបចំហិរញ្ញវត្ថុ” ដែលធ្វើឡើងនាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឃមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន(CJCC) ដោយមានការចូលរួមពីវាគ្មិន មានបទពិសោធន៍ច្រើនឆ្នាំលើវិស័យ និងចំនេះដឹងហិរញ្ញវត្ថុ ជាច្រើនរូប និងមានសិក្ខាកាមចូលរួមជាង ២០០នាក់។
វេទិកាកិច្ចពិភាក្សានេះ មានគោលបំណងចែករំលែក និងបញ្ជ្រាបចំណេះដឹងដល់សិស្ស និស្សិត អំពីគន្លឹះសំខាន់ៗ នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុ តាមរយៈកិច្ចពិភាក្សាដោយផ្តល់ជាវិធីសាស្រ្តជាក់ស្តែង ដល់សិស្ស និស្សិត ក្នុងការសម្រេចចិត្ត លើផ្នែកហិរញ្ញវត្ថុ និងរៀបចំផែនការ ហិរញ្ញវត្ថុ ប្រកបដោយសម្ថភាពនៅពេលអនាគត់របស់ពួកគេ។
យើងទាំងអស់គ្នា ត្រូវយល់អោយបានច្បាស់ អ្វីទៅជាបំណុល? ហើយអ្វីទៅជាទ្រព្យ? អ្វីទៅជាកម្ចី និង អ្វីទៅជាការសន្សំ? ហើយការសន្សំនេះពិតជាមានសារសំខាន់ណាស់សម្រាប់ពួកគេនាពេលអនាគត។សម្រាប់សិស្ស និស្សិត ចំណុចចាប់ផ្តើមដំបូង គឺត្រូវស្វែងយល់អំពីសេវាកម្មហិរញវត្ថុ របស់ធនាគារ និងស្ថាប័ណ្ណហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងចំណុចបន្ទាប់ត្រូវស្វែងយល់អំពីផលិតផល ដែលស្ថាប័ណ្ណធនាគារ និងហិរញ្ញវត្ថុ ទាំងអស់នោះមាន ជាពិសេសទាក់ទិនទៅនឹងសេវាកម្មសន្សំប្រាក់។
វេទិកាកិច្ចពិភាក្សានេះ គឺជាផ្នែកមួយនៃកម្មវិធី «វិថីហិរញ្ញវត្ថុរដូវកាលទី ២» ដែលជាកម្មវិធីសាធារណៈបង្កើតឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងការិយាល័យឥណទានកម្ពុជា (CBC) ដោយមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា (NBC) ។
លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនៅថ្ងៃនេះជាសក្ខីកម្មបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងភាពជាដៃគូរបស់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុជូនដល់សិស្សនិស្សិតអំពីគន្លឹះសំខាន់ៗនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងផែនការហិរញ្ញវត្ថុ ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកស្ថិរភាពហិរញ្ញវត្ថុ និងភាពជោគជ័យនាពេលអនាគត។ ការរៀបចំផែនការហិរញ្ញវត្ថុនេះ គឺមានសារសំខាន់សម្រាប់សិស្ស និស្សិត ក្នុងការរៀបចំហិរញ្ញវត្ថុអោយបានត្រឹមត្រូវ ដើម្បីកំណត់គោលដៅអោយបានច្បាស់លាស់ ទាក់ទងទៅនឹងការចំណាយហិរញ្ញវត្ថុ នៅពេលដែលយើងចេញប្រកបអាជីវកម្មអ្វីមួយ។ ទាក់ទងទៅនឹងផែនការរៀបចំ ហិរញ្ញវត្ថុ ចំពោះប្អូនៗ ដែលជាសិស្ស និស្សិត គឺត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុអោយបានច្បាស់លាស់ ព្រោះវាជាផ្នែកមួយដ៏សំខាន់ សម្រាប់គ្រង់គ្រងហិរញ្ញវត្ថុអោយបានត្រឹមត្រូវ និងបន្តរៀបចំផែនការហិរញ្ញវត្ថុអោយមានប្រសិទ្ធភាពខ្ពស់។
ចំពោះ លោក រ័ត្ន សោភ័ណ ប្រធានសមាគមនធនាគារនៅកម្ពុជា បានលើកឡើងថា «ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់បំផុតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រតាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការលើកកម្ពស់ឥរិយាបថហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ ដូច្នេះ យើងរួមគ្នាបន្តគាំទ្រ និងចូលរួមក្នុងការផលិតមាតិកាអប់រំ និងចូលរួមចែករំលែកមាតិកាវីដេអូទាក់ទងនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែច្រើនទូលំទូលាយបន្ថែមទៀត»។
ជាមួយគ្នានេះ ក្នុងនាមជាសមាគមធនាគារនៅកម្ពុជា នឹងបន្តដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងៗ បន្ថែមទៀត ដើម្បីគាំទ្រដល់ការអប់រំចំណេះដឹងហិរញ្ញវត្ថុដល់សាធារណជន។ បន្ថែមលើនេះ យើងខ្ញុំក៏សូមលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ចូលរួមចែករំលែក និងផ្សព្វផ្សាយកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីពាំនាំនូវចំណេះដឹងហិរញ្ញវត្ថុថ្មីៗជូនដល់សាធារណជន។ សមាគមធនាគារនឹងបន្តដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងទៀត ដើម្បីគាំទ្រដល់ចំណេះដឹង ហិរញ្ញវត្ថុដល់សាធារណជន បន្ថែមពីនេះសមាគមធនាគារ លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធចូលរួមចំណែក និងផ្សព្វផ្សាយកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុផងដែរ។
ជារួម ការរៀបកម្មវិធី វិថីហិរញ្ញវត្ថុនេះ ពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនជូនដល់សាធារណជន អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាពិសេស ផ្តោតទៅសល់ យុវជន សិស្ស និស្សិត អោយចេះចំរៀបចំផែនការចំណូល ចំណាយ អោយបានត្រឹមត្រូវ ដើម្បីរៀបចំគម្រោងផែនការអនាគត់ និងចេះរៀបចំផែនការសន្សំអោយមានប្រសិទ្ធភាពខ្ពស់នៅក្នុងផ្នែកហិរញ្ញវត្ថុនេះផងដែរ។