ថ្វីបើមុនខ្នងមិនមាននរណាអាចមើលឃើញដូចនៅលើផ្ទៃមុខ ប៉ុន្តែមុនកើតមាននៅតំបន់នេះ គឺបង្កការរំខានជាខ្លាំង ព្រមទាំងមានការឈឺចុកចាប់ទៀតផង។ ផលរំខានទាំងនោះរួមមាន ពិបាកក្នុងការគេង ឈឺចុកចាប់បរិវេណខ្នងខ្លាំង មិនមានភាពជឿជាក់ ជាពិសេសបាត់បង់ទំនុកចិត្តក្នុងការពាក់អាវវាលខ្នង។ ការកើតមុនខ្នងបណ្តាលមកពីកត្តាជាច្រើន ដូចជាកត្តាចំណីអាហារ កត្តាប្រែប្រួលអ័រម៉ូន និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃ។
ឥឡូវនេះ ឡេឌីស៍នឹងលើកអំពីទម្លាប់រស់នៅប្រចាំថ្ងៃ ដែលធ្វើឱ្យខ្នងរបស់អ្នកឡើងមុនឥតឈប់ឈរ ហើយព្យាយាមផ្លាស់ប្តូរវាម្តងបន្តិចៗ ប្រសិនបើអ្នកចង់ទទួលបានស្បែកខ្នងមួយដ៏ស្រស់ស្អាត មិនមានមុនមួយគ្រាប់។
មិនទម្លាប់សម្អាតកន្លែងគេងឱ្យស្អាត
វាជារឿងសំខាន់ក្នុងការយកចិត្តទុកដាក់សម្អាតកម្រាលពូក ខ្នើយ ភួយរបស់អ្នក កុំឱ្យមានធូលីដីតោងជាប់ បើទោះបីវាស្ថិតនៅក្នុងបន្ទប់របស់អ្នកក៏ដោយ មិនប្រាកដថាវាគ្មានធូលីកង្វក់នោះទេ។ ធូលីដីទាំងនោះអាចតោងជាប់ប្រាណរបស់អ្នកនៅពេលគេង និងបណ្តាលឱ្យកើតមុនខ្នង ដូច្នេះសូមធ្វើការផ្លាស់ប្តូររៀងរាល់ ១អាទិត្យម្តង។
ប្រើប្រាស់សាប៊ូមិនត្រូវនឹងប្រភេទស្បែក
ការប្រើប្រាស់សាប៊ូខុសនឹងប្រភេទស្បែក ក៏រាប់ចូលជាមួយហេតុមួយដែលធ្វើឲ្យអ្នកកើតមុនខ្នងដូចគ្នា ដូច្នេះមុននឹងប្រើប្រាស់ផលិតផលណាមួយ សូមពិចារណាឱ្យបានច្បាស់ ក៏ដូចជាមើលស្រាវជ្រាវគ្រឿងផ្សំនៃផលិតផលឱ្យបានត្រឹមត្រូវ។
ស្បៃដុសខ្លួនកខ្វក់
សូមទម្លាប់ផ្លាស់ប្តូរនូវស្បៃដុសខ្លួនថ្មីឱ្យបានញឹកញាប់ ប្រសិនបើអ្នកមិនចង់ឱ្យកើយមានមុនខ្នង។ នៅពេលដែលអ្នកព្យាយាមប្រើប្រាស់ស្បៃចាស់ ឬកង្វក់យកមកត្រដុសនឹងស្បែក វានឹងធ្វើឱ្យមេរោគតោងតៀមស្បែកអ្នកជាមិនខាន ជាហេតុបណ្តាលឱ្យអ្នកឡើងមុនខ្នងឥតឈប់ឈរ អាចវិវត្តទៅជាអាឡាក់ស៊ីផងដែរ។
ទទួលទានរបបអាហារមិនល្អ
ការទទួលទានអាហារផ្អែម អាហារប្រៃ ឬអាហារហឹរពេកក៏អាចជាកត្តាបណ្តាលឱ្យកើតមានមុនធំៗនៅលើខ្នងផងដែរ ព្រោះវាបានធ្វើឱ្យប្រព័ន្ធភាពស៊ាំខាងក្នុងរបស់អ្នកធ្លាក់ខ្យោយ ហើយបញ្ចេញប្រតិកម្មមកស្បែកខាងក្រៅ។
កង្វះលំហាត់ប្រាណក្នុងការបញ្ចេញញើស
ស្បែកខ្នងសម្បូរទៅដោយក្រពេញញើសដែលអាចផលិតជាតិខ្លាញ់ច្រើន ដូច្នេះ ប្រសិនបើអ្នកកង្វះលំហាត់ប្រាណ ឬពលកម្មបញ្ចេញញើស នោះញើសដែលបញ្ចេញមកមានចំនួនតិចៗ ហើយញើសដែលនៅសេសសល់ក្នុងស្បែកនឹងក្លាយទៅជាកកបណ្ដាលឱ្យស្ទះរន្ធញើស ហើយបន្សល់ទុកនូវបាក់តេរីក្នុងរាងកាយ បណ្តាលឱ្យឡើងមុនជាច្រើន។
មិនងូតទឹកសម្អាតខ្លួនបន្ទាប់ពីធ្វើហាត់ប្រាណ
ក្រោយពេលបែកញើស ដោយការធ្វើលំហាត់ប្រាណរួច អ្នកគួរតែងូតទឹកសម្អាតខ្លួនជាចាំបាច់ ព្រោះញើសទាំងនោះសុទ្ធតែជាបាក់តេរី និងជាតិពុលចេញពីរាងកាយ។ កាលណាអ្នកទុកឱ្យវាទុំជាប់ស្បែកយូរពេក វានឹងបណ្តាលឱ្យមានការកើតមុនខ្នងខ្ទុះធំៗ។