មនុស្សភាគច្រើន តែងតែមានអារម្មណ៍ងងុយគេង បន្ទាប់ពីទទួលទានអាហាររួច ប៉ុន្តែតើអ្នកដឹងទេ ថា ការគេងភ្លាមៗបន្ទាប់ពីទទួលទានអាហារអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាព នឹកស្មានមិនដល់?
ប្រសិនជា ទទួលទានអាហាររួច អ្នករត់ទៅគេងភ្លាម នោះវានឹងបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងច្រើន រួមមាន៖
• ច្រាលអាស៊ីតក្រពះ និងបង្កជាអាការៈក្រហាយទ្រូង៖ ការគេងភ្លាមៗ បន្ទាប់ពីទទួលទានអាហារ អាចបណ្តាលឱ្យអាស៊ីតក្រពះច្រាលខ្លាំងទៅកាន់ផ្នែកបំពង់អាហារវិញ ដែលជាហេតុបណ្តាលឱ្យមានអារម្មណ៍ថា ឈឺក្រហាយទ្រូង រសាប់រសល់ក្នុងខ្លួន។ យូរៗទៅ ការចាល់អាស៊ីតរ៉ាំរ៉ៃអាចបំផ្លាញស្រទាប់បំពង់អាហារ បង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងររយៈពេលវែង។

• ប្រព័ន្ធរំលាយអាហារដំណើរការមិនល្អ និងហើមពោះ៖ កាលណាប្រព័ន្ធរំលាយអាហារដំណើរការមិនប្រក្រតី ការរំលាយអាហារថយចុះ វាបង្កឱ្យមានអាការៈហើមពោះ មានខ្យល់ក្នុងពោះ ក្អួតចង្អោរ និងមិនមានប្រសិទ្ធភាពក្នុងការរំលាយអាហារបានម៉ត់ល្អ។
• ការកើនឡើងជាតិស្ករក្នុងឈាម៖ ជាពិសេសការទទួលទានពពួកអាហារសម្បូរជាតិកាបូអ៊ីដ្រាត ធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង។ ហេតុដូចនេះ ការគេងភ្លាមៗ អាចធ្វើឱ្យរាងកាយកាត់បន្ថការដុតបំផ្លាញថាមពលរំលាយជាតិស្ករ និងរួមចំណែកបង្កជាបញ្ហាដល់ភាពធន់នឹងអាំងស៊ុយលីន។
• ការឡើងទម្ងន់ និងភាពធាត់៖ នៅពេលដែលអ្នកគេង ដំណើរការមេតាប៉ូលីសក្នុងរាងកាយរបស់នឹងថយចុះ ហើយអាហារដែលអ្នកញ៉ាំ នឹងមិនទទួលបានថាមពលគ្រប់គ្រាន់ទេ។ យូរៗទៅ វាអាចបណ្តាលឱ្យមានការផ្ទុកជាតិខ្លាញ់លើសដែលនាំឱ្យធាត់។ ជាងនេះទៅទៀត ការទទួលទានអាហារសម្រន់នាពេលយប់ មុនពេលចូលគេង អាចធ្វើឱ្យបញ្ហានេះកើតឡើងជាចំណែកដែលទទួលបានកាឡូរីលើសកំណត់។
• ការកើនឡើងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល៖ ការស្រាវជ្រាវមួយចំនួនបានបង្ហាញអំពីទំនាក់ទំនងរវាងការគេងភ្លាមៗបន្ទាប់ពីទទួលទានអាហារ អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលទ្វេរដង។
វិធីសាស្រ្តចៀសវាងគ្រោះថ្នាក់សុខភាពទាំងអស់ខាងលើដែលបានរៀបរាប់ រួមមាន៖
• ផ្តល់ពេលវេលាឱ្យរាងកាយរបស់អ្នក ធ្វើការរំលាយអាហារជាមុន សឹមចូលគេង។ ព្យាយាមរង់ចាំយ៉ាងហោចណាស់ 2 ទៅ 3 ម៉ោង។
• ការដើរស្រាល ក្នុងរយៈពេលខ្លីបន្ទាប់ពីទទួលទានអាហារអាចជួយសម្រួលដល់ការរំលាយអាហារ និងការគ្រប់គ្រងជាតិស្ករក្នុងឈាម។
• ចូរជ្រើសរើសអាហារណា ដែលមានជាតិខ្លាញ់តិច ងាយស្រួលសម្រាប់រាងកាយក្នុងការរំលាយអាហារ។