កេសរកូលឬហៅថាអ័រគីដេ មានវត្តមាននៅប្រទេសកម្ពុជាតាំងពីបុរាណកាលមកម្លេះ។រុក្ខជាតិព្រៃប្រភេទនេះជាអំបូរដ៏ធំមួយ នៅក្នុងរជ្ជរុក្ខជាតិ។វាជាប្រភេទផ្កាព្រៃដែលត្រូវបានគេយកមកបង្កាត់ និងកែច្នៃតាំងលម្អតាមគេហដ្ឋានដ៏ពេញនិយម។
នៅលើភពផែនដី យើងនេះ គេបានធ្វើការកត់ត្រាកេសរកូលនៅក្នុង ធម្មជាតិបាន ចំនួនជាង ២៥,០០០ ប្រភេទ ដែលក្នុងនោះជាង ១០000 ប្រភេទត្រូវបានគេរកឃើញនៅក្នុងតំបន់ត្រូពិច។
ជារៀងរាល់ឆ្នាំ មានកេសរកូលព្រៃប្រភេទថ្មីៗ រាប់រយប្រភេទ ត្រូវបានគេរកឃើញ និង ដាក់ឈ្មោះតាមលក្ខណៈវិទ្យាសាស្ត្ររបស់វា។ កេសរកូល គឺជារុក្ខជាតិដែលមានទងកេសរញីមានទំហំធំជាង កេសរឈ្មោល និងផុសចេញពីកញ្ចកេសរផ្កា លយចេញដូច ក្បាលដែកគោល។ ខ្មែរសម័យទំនើបនិយមហៅរុក្ខជាតិនេះថា អ័រគីដេរ (Orchid) គឺហៅទៅតាមភាសាបារាំងតាំងពីសម័យ អាណានិគមនិយមបារាំងមកម៉្លេះ។
ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ឱ្យដឹងនាកន្លងមកថាកេសរកូលឬហៅថាផ្កាអ័រគីដេនៅកម្ពុជាតាមការស្រាវជ្រាវមានប្រមាណ៥០០ប្រភេទ និងក្នុងខណៈនៅលើពិភពលោកមានប្រមាណ១២០០០ប្រភេទ។
ឯកឧត្តមបានបញ្ជាក់ ជុំវិញបញ្ហានេះថាដោយសារតែមើលឃើញពីកេសរកូលមានតម្លៃរាប់រយលានដុល្លារនេះហើយទើបកម្ពុជាបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនខេត្តសៀមរាប។ការបង្កើតមជ្ឈមណ្ឌលនេះដើម្បីសិក្សាស្រាវជ្រាវ បង្កាត់ពូជកេសរកូល និងក៏ដូចជារកប្រាក់ចំណូល។កន្លងមកធនធានដែលយើងវិនិយោគទៅលើផ្នែកសិក្សាស្រាវជ្រាវ កេសរកូលនៅមានកម្រិតទាបនៅឡើយពោលគឺយើងទើបតែចាប់ផ្តើម។សម្រាប់ក្រុមហ៊ុនឯកជនដែលបង្កាត់កូសរកូលនៅប្រទេសកម្ពុជាមានតិចតួចដែរពោលគឹមានប្រមាណ១ទៅ២ក្រុមហ៊ុនប៉ុណ្ណោះ។
ឯកឧត្តមបាននិយាយប្រាប់បន្ថែមថា”ការជំរុញលើវិនិយោគលើកេសរកូលដើម្បីដើរឱ្យទាន់គេនោះគឺសំខាន់ទៅលើការវិនិយោគទុន ការងារស្រាវជ្រាវ ចំណាប់អារម្មណ៍ និងការរកប្រាក់ចំណេញ ក៏ដូចជាការប្រកួតប្រជែងជាមួយប្រទេសជិតខាង”។
ជាមួយគ្នានេះឯកឧត្តមបានលើកឡើងដែរថាការនាំកេសរកូលចូលមកពីប្រទេសថៃ និង វៀតណាមមកកម្ពុជានាកន្លងមកក៏មានតម្លៃច្រើនផងដែរ។
ដោយឡែកបើតាមសៀវភៅមគ្គុទេសន៍ស្ដីអំពីកេសរកូលព្រៃ ភាគ២ ចេញផ្សាយដោយក្រសួងបរិស្ថានបានឱ្យដឹងដែរថាសព្វថ្ងៃប្រជាជនខ្មែរ មួយចំនួនបានគិតថាកេសរកូល សំដៅដល់ប្រភេទផ្កានាំចូលមកពី បរទេស និងមិនមានវត្តមាននៅក្នុងប្រទេសកម្ពុជាទេ។ផ្ទុយមកវិញកេសរកូលគឺជារុក្ខជាតិ មានដុះយ៉ាងសម្បូរបែបនៅក្នុងព្រៃកម្ពុជា។ក្រៅពីនេះយើងក៏ភស្តុតាងចម្លាក់កេសរកូល នៅលើដញ្ជាំងប្រាសាទបាយ័ន អង្គរវត្ត និងបន្ទាយស្រី ធ្វើឱ្យគេអាចសន្និដ្ឋានបានថា កេសរកូល ត្រូវបានបុព្វបុរសខ្មែរ យើងដឹងនឹងស្គាល់ ព្រមទាំងប្រើប្រាស់ កេសរកូលជាវត្ថុលម្អ តាំងពីសម័យអង្គរ ឬមុនអង្គរមកម៉្លេះ។
បើតាមក្រសួងបរិស្ថានបានឱ្យដឹងថាក្នុងការសិក្សាកន្លងមក គេបានរកឃើញ កេសរកូលព្រៃកម្ពុជា ប្រមា ណ ៤០ភាគរយ ត្រូវបាន រកឃើញ នៅតំបន់ជួរភ្នំក្រវ៉ាញ (រូទាំងតំបន់ភ្នំបូកគោ) ៣៥ភាគរយស្ថិតនៅតំបន់ឆ្នេរ ១៣ភាគរយ នៅតំបន់ ព្រៃរបោះស្ងួ
និង១០ភាគរយ ទៀតត្រូវបានគេរកឃើញនៅតំបន់ប្រសព្វគ្នា នៃទន្លេមេគង្គ។ ក្រៅពីនេះ កេសរកូលព្រៃកម្ពុជាមាននៅតំបន់ ជួរភ្នំដងរែក និងតំបន់ខាងកើតបឹងទន្លេសាប។ ការសិក្សាបែបវិទ្យាសាស្ត្រអំពីកេសរកូលព្រៃកម្ពុជាកន្លង មានកម្រិតតិចតួចនៅឡើយ ខណៈដែលកេសរកូលព្រៃតាម ធម្មជាតិបាន និងកំពុងតែទទួលរងនូវការគំរាមកំហែងតាម រយៈការកាប់ឆ្ការព្រៃដើម្បីធ្វើកសិកម្ម និងសកម្មភាពប្រមូលកេសរកូល ព្រៃក្នុងគោលបំណងធ្វើពាណិជ្ជកម្មខុសច្បាប់។
បច្ចុប្បន្ន កម្ពុជាមានទីតាំងមួយដែលសិក្សាផ្ដោតសំខាន់ទៅលើកេសរកូលយ៉ាងសំខាន់នោះ គឺ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលេន»។ មជ្ឈមណ្ឌលនេះស្ថិតក្នុងស្រុកបន្ទាយស្រី នៅជើងភ្នំគូលែនដែលជាច្រកឡើងទៅកាន់រមណីយដ្ឋានភ្នំគូលែនតែម្ដង។ មជ្ឈមណ្ឌលនេះបង្កើតឡើងនៅឆ្នាំ២០១៩ ដោយមានដីទំហំ ជាង២ពាន់ ហិកតា៕ អត្ថបទ ៖ AKP