ប្រជាជនរស់នៅលើកោះ Okinawa ប្រទេសជប៉ុន ត្រូវបានគេចាត់ទុកថាមានអាយុរស់នៅវែងបំផុត ក្នុងចំណោមប្រជាជនដទៃផ្សេងទៀតនៅលើពិភពលោក។ នៅក្នុងភូមិមួយ ឈ្មោះ Ogimi ស្ថិតនៅភាគខាងជើងកោះ Okinawa គេសង្កេតឃើញមានដុំថ្មមួយ ដែលមានអក្សរជប៉ុនសរសេរនៅលើនោះថា “នៅអាយុ 80 ឆ្នាំ អ្នកឆ្លងផុតវ័យជាយុវជន។ នៅអាយុ 90 ឆ្នាំ ប្រសិនបើដូនតាអ្នក ហៅអ្នកឡើងទៅស្ថានសួគ៌ជាមួយគ្នា អ្នកប្រាប់ទៅពួកគាត់ឱ្យចាំសិន រហូតដល់អ្នកមានអាយុ 100 ឆ្នាំ”។
នាពេលបច្ចុប្បន្ន ប្រទេសជប៉ុន មានប្រជាជនមានអាយុ 100 ឆ្នាំ ឫ លើសនេះ ចំនួនច្រើនជាង 7 មុឺននាក់។ តួលេខនេះជាចំនួនមួយដ៏ច្រើន និង គួរឱ្យភ្ញាក់ផ្អើល នៅពេលឃើញថាប្រទេសអាស៊ីមូយនេះ ប្រជាជនមានអាយុវែង រហូតដល់ទៅ 100 ឆ្នាំ។
ស្ថិតនៅភាគខាងត្បូងនៃប្រទេសជប៉ុន កោះ Okinawa ជាទីតាំងទាំង 5 កន្លែងនៅលើពិភពលោក គេហៅថាជា “Blue Zone”។ Blue Zone ជាតំបន់មានប្រជាជនរស់នៅដោយមានសេចក្តីសុខសុភមង្គល និង រស់នៅបានអាយុវែង ហើយតំបន់ទាំង 5 នោះមានដូចជា កោះ Okinawa ប្រទេសជប៉ុន, Sardinia ប្រទេសអ៊ីតាលី, Nicoya ប្រទេសកូស្តារីកា, Ikaria ប្រទេសក្រិក និង Loma Linda រដ្ឋ California សហរដ្ឋអាមេរិក។
តាមការស្រាវជ្រាវ បានបង្ហាញឱ្យឃើញថា ដែនដីដែលមានមនុស្សរស់នៅមានអាយុវែង ក៏ធ្លាប់បានទទួលរងនូវការលំបាកខ្លាំងៗជាច្រើនមកហើយ។ តួយ៉ាងមានដូចជា សង្គ្រាម ការបែកបាក់គ្រួសារ និង បញ្ហាស្ត្រេស ដូចដែលយើងរាល់គ្នាកំពុងជូបក្នុងពេលបច្ចុប្បន្នអញ្ចឹងដែរ។ នៅលើកោះ Okinawa មានកត្តា 3 សំខាន់ៗ ធ្វើឱ្យប្រជាជនរស់នៅលើកោះនេះ មានអាយុវែងរហូតដល់ទៅ 100 ឆ្នាំជាងឯណោះ។ កត្តាចម្បង រួមមាន ទី 1 គឹ របបអាហារ ទី 2 គឺ សកម្មភាពសង្គម និង ទី 3 គឺ តំណរពូជ។