ឈានចូលរដូវវស្សាហើយ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់! ជំងឺគ្រុនឈាម គឺជាជំងឺមួយដែលមនុស្សត្រូវប្រុងប្រយ័ត្នក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ។
ជំងឺគ្រុនឈាម គឺជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ដែលចម្លងតាមរយៈការខាំរបស់មូសខ្លា ។ ជំងឺនេះអាចគំរាមកំហែងដល់អាយុជីវិត… អ្នកកើតជំងឺគ្រុនឈាមលើកដំបូង គឺឆ្លងវីរុសគ្រុនឈាមប្រភេទទី 1 នៅសល់វីរុស ៣ ប្រភេទទៀតដែលគេពុំទាន់ឆ្លង (វីរុសប្រភេទី 2, ទី 3 និងទី 4)។ ហេតុនេះ បើទោះបីជាអ្នកជំងឺបានជាសះស្បើយពីជំងឺគ្រុនឈាមក្នុងដំណាក់កាលដំបូងក៏ដោយ ក៏អ្នកជំងឺអាចមានឱកាសកើតជំងឺគ្រុនឈាម ៣ លើកទៀត ប្រសិនពុំយកចិត្តទុកដាក់ថែទាំខ្លួនពីការខាំរបស់មូសខ្លា។
ជំងឺគ្រុនឈាម ជាទូទៅតែងតែកើតមាននៅលើកុមារ ប៉ុន្តែបច្ចុប្បន្ននេះនៅកម្ពុជាក៏មានករណីខ្លះ កើតមាននៅលើមនុស្សពេញវ័យដូចគ្នាផងដែរ ដោយរោគសញ្ញានៃជំងឺគ្រុនឈាមលើមនុស្សពេញវ័យ រួមមាន៖

– ក្តៅខ្លួនខ្លាំង
– ឈឺក្បាល
– ឈឺខ្លួន និងសាច់ដុំ
– ក្អួតចង្អោរ
– ស្នាមអុចក្រហមលើស្បែក
រីឯចំពោះទារក និងកុមារតូចៗវិញ អាណាព្យាបាលគ្រប់រូប តែងតែមានភាពស្រពិចស្រពិលរវាង គ្រុនឈាម និងរលាកបំពង់ក។ ដូច្នេះ ប៉ាម៉ាក់គួរស្វែងយល់ដឹងឱ្យបានច្បាស់ រវាងរោគសញ្ញាទាំងពីរនេះ ដើម្បីកុំឱ្យប្រឈមនឹងទម្រង់ធ្ងន់ធ្ងរនៃជំងឺ ដែលហៅគ្រុនឈាមមានធ្លាក់ឈាម។ បើមិនព្យាបាលភ្លាមៗទេ ជំងឺគ្រុនឈាមទម្រង់បែបនេះ នឹងបង្កឲ្យហូរឈាមនៅតាមស្បែក និងនាំឱ្យស្លាប់បាន។
លក្ខណៈសម្គាល់ខុសគ្នា រវាងគ្រុនឈាម និងរលាកបំពង់កចំពោះទារក និងកុមារតូចៗ ៖
1. រោគសញ្ញានៃជំងឺគ្រុនឈាម៖
• ឈឺក្បាលខ្លាំងផ្នែកខាងមុខ
• ក្ដៅខ្លួនខ្លាំងតាំងពីថ្ងៃដំបូង
• ឈឺខ្លួន
• មិនឃ្លានអាហារ
• ឈឺប្រឡង់ភ្នែក
• ក្អួតចង្អោរ
• មានលេចស្នាមកន្ទួលក្រហមៗនៅលើស្បែក
2. រោគសញ្ញានៃជំងឺរលាកបំពង់ក៖
• ឈឺក
• ហើមកូនកណ្ដុរនៅ ក
• ក្ដៅខ្លួនតិចៗតាំងពីថ្ងៃដំបូង
• ក្អក
• ហៀរសំបោរ
• ឈឺក្បាល
បើមើលបំពង់កមាន សៗ នោះគឺរលាកដោយសារបាក់តេរី ប៉ុន្តែតែមើលឃើញក្រហមៗ គឺរលាកដោយសារវីរុស។
វិធីការពារជំងឺគ្រុនឈាម
ការការពារជំងឺគ្រុនឈាម គឺត្រូវការពារពីមូសខ្លាខាំ។ អ្នកគួរស្លៀកបំពាក់ជិតៗ លាបគ្រីមការពារមូលខាំ ឬបាញ់ថ្នាំការពារមូសនៅក្នុងបរិវេណដែលអ្នករស់នៅ ដើម្បីកាត់បន្ថយកំណើនមូស។ សម្អាតប្រភពទឹកកង្វក់ ដែលជាជម្រករបស់សត្វមូស និងរៀបចំផ្ទះសម្បែងឱ្យបានស្អាត ហើយចាក់វ៉ាក់សាំងការពារជំងឺគ្រុនឈាមតាមការណែនាំរបស់វេជ្ជបណ្ឌិត។