ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន ៤១គម្រោង ពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។
នៅក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣គម្រោង។
ចំពោះគម្រោងដែលមានភាពលេចធ្លោជាងគេប្រចាំខែកក្កដារួមមាន៖
- ក្រៅតំបន់សេដ្ឋកិច្ចពិសេស៖
១) គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ភ ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទា ឃុំព្រះនិព្វាន្ត ក្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ បន្ថែមប្រមាណជាង ២១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ៧៤កន្លែង។
- ក្នុងតំបន់សេដ្ឋកិច្ចពិសេស៖
១) គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ដែលមានទីតាំងស្ថិតនៅភូមិអូជ្រៅ ភូមិផ្លោងនៃឃុំបឹងព្រាវ និងភូមិឈើនាងនៃ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុនវិនិយោគចំនួន ១០០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣១កន្លែង។
២) គម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុកែច្នៃចំណីអាហារ (Galatin) ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ក្នុងទុនវិនិយោគប្រមាណជាង ២៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩៤កន្លែង។
គួរបញ្ជាក់ផងដែរថា ក្នុងខែកក្កដា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦៨,០៦% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ១៤,២៤% នៃទុនវិនិយោគសរុប៕