ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នា ស្តីពី“ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី” ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងអនុស្សរណៈយោគយល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការរួមមាន៖ – ការលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ ដល់ស្រ្តីនៅតាមសហគមន៍ និង បណ្តាញ របស់ ក្រសួងកិច្ចការនារី។ – ការស្វែងរកមធ្យោបាយ ក្នុងការលើកកម្ពស់ការទទួលបានឥណទាន សម្រាប់ សហគ្រិនស្រ្តី ក្នុងការប្រកបមុខរបរ សហគ្រាស ខ្នាតមីក្រូ តូច និងមធ្យម។ – កិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងវិស័យសាធារណៈ អង្កការដៃគូ និង វិស័យឯកជន ក្នុងការលើកកម្ពស់ចំណេះដឹងផែ្នកហិរញ្ញវត្ថុសម្រាប់ យុវតី និងសហគ្រិនស្រ្តី ឱ្យកាន់តែទូលំទូលាយ។
ចំពោះ MOU នេះ ក៏នឹងបន្តចូលរួមសម្រេចគោលដៅនៃយុទ្ធសាស្ត្រជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩ – ២០២៥ និងយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤ – ២០២៨ ។ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី តាមរយៈការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងហិរញ្ញវត្ថុឌីជីថល ការពង្រឹងភាព អង់អាចផ្នែកសេដ្ឋកិច្ច និងការពង្រីកភាពជាដៃគូ ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រី ផងដែរ។