ក្រសួងពាណិជ្ជកម្ម ចូលរួមប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី១
ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំសហការីចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ត្រៀមសម្រាប់កិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី១ (SEOM 1/55) កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
បើតាមការបញ្ជាក់របស់ ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នៅក្នុងអង្គប្រជុំនេះ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធបានចូលរួមធ្វើការពិភាក្សា ផ្តល់មតិយោបល់ និងធាតុចូល លើសេចក្តីព្រាងបឋម នៃឯកសារទស្សនាទានសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (PED) ឆ្នាំ២០២៤ ព្រមទាំងពិនិត្យវឌ្ឍនភាពការងារសំខាន់នានា ដែលស្ថិតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោមភាពជាប្រធានអាស៊ានរបស់ឡាវ។
នៅក្នុងអង្គប្រជុំនេះគឺ ដើម្បីធានាឱ្យបាននូវភាពគ្រប់ជ្រុងជ្រោយលើផ្នែកខ្លឹមសារឯកសារ ត្រៀមសម្រាប់កិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី១ (SEOM 1/55) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-២០ ខែមករា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដោយ កែន មី