ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) បានប្រកាសពីការកើនឡើងគួរឱ្យកត់សម្គាល់នៃជើងហោះហើរទៅកាន់គោលដៅសំខាន់ៗមួយចំនួន រួមទាំង ខេត្តសៀមរាប ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស។
ការផ្លាស់ប្តូរនេះនឹងចាប់ពីខែមីនាដល់ខែតុលា ឆ្នាំ២០២៥ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការបង្កើនសមត្ថភាពអ្នកដំណើរនៅទូទាំងបណ្តាញរបស់ខ្លួន។
យោងតាមសារព័ត៌មាន Channel News Asia (CNA របស់សិង្ហបុរី) បានឱ្យដឹងថា៖ «នៅក្នុងការចេញផ្សាយព័ត៌មានកាលពីថ្ងៃចន្ទ (១២ សីហា) SIA បានរៀបរាប់លម្អិតអំពីផែនការរបស់ខ្លួនក្នុងការបង្កើនសេវាកម្មទៅកាន់ទីក្រុងល្បីៗជាច្រើនជុំវិញពិភពលោក»។
គួរកត់សម្គាល់ថា ជើងហោះហើរទៅកាន់ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងប្រទេសកម្ពុជា នឹងត្រូវកើនឡើងទ្វេដង គឺចំនួនពីរដងក្នុងមួយថ្ងៃ ពីសេវាប្រចាំថ្ងៃបច្ចុប្បន្ន។
ការកើនឡើងនេះឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅក្នុងខេត្តសៀមរាបជាគោលដៅទេសចរណ៍ ជាពិសេសសម្រាប់ភ្ញៀវទេសចរដែលចង់ទស្សនាប្រាសាទអង្គរវត្តដ៏ល្បី និងទីតាំងវប្បធម៌ផ្សេងៗទៀត។
ការពង្រីកសេវាកម្មទៅកាន់ខេត្តសៀមរាបគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយដោយក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីដើម្បីបំពេញតម្រូវការនៃការធ្វើដំណើរដែលរំពឹងទុកក្នុងអំឡុងរដូវកាលកំពូលពាក់កណ្តាលឆ្នាំនៅឆ្នាំ២២០៥។
លោក Dai Haoyu អនុប្រធានជាន់ខ្ពស់ស្តីទីរបស់ SIA ទទួលបន្ទុកផែនការទីផ្សារ បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនអាកាសចរណ៍តែងតែពិនិត្យមើលបណ្តាញរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពហោះហើរជាមួយនឹងតម្រូវការអ្នកដំណើរ។
លោក Dai បាននិយាយថា៖ «ការកែសម្រួលទាំងនេះនៅមុនរដូវក្តៅឆ្នាំក្រោយ ដោយបំពេញតម្រូវការខ្ពស់ទៅកាន់គោលដៅជាច្រើន ជាពិសេសក្នុងរដូវកាលទេសចរណ៍នាពាក់កណ្តាលឆ្នាំ ដែលអនុញ្ញាតឱ្យអតិថិជនរបស់យើងបង្កើតផែនការធ្វើដំណើរឆ្នាំ២០២៥ របស់ពួកគេប្រកបដោយទំនុកចិត្ត»។
ក្រៅពីខេត្តសៀមរាប ក្រុមហ៊ុន SIA ក៏នឹងបង្កើនជើងហោះហើរទៅកាន់ទីក្រុងសំខាន់ៗផ្សេងទៀត រួមមានទីក្រុងឡុងដ៍ រ៉ូម មីឡាន បាសេឡូណា និងទីក្រុងហូជីមិញជាដើម។
សម្រាប់ខេត្តសៀមរាប ការតភ្ជាប់ដែលកើនឡើងនេះ ត្រូវបានរំពឹងថានឹងពង្រឹងបន្ថែមទៀតនូវភាពទាក់ទាញរបស់ខ្លួនក្នុងនាមជាទិសដៅសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តល់នូវជម្រើសការធ្វើដំណើរកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរកម្សាន្ត និងអាជីវកម្ម។
ការផ្លាស់ប្តូររបស់ SIA ក្នុងការពង្រីកសេវាកម្មរបស់ខ្លួនកើតឡើងនៅពេលដែលការធ្វើដំណើរតាមផ្លូវអាកាសបន្តងើបឡើងវិញក្រោយផលប៉ះពាល់នៃជំងឺរាតត្បាតសកលកូវីដ១៩ ដោយមានក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅជុំវិញពិភពលោកបង្កើនប្រតិបត្តិការរបស់ពួកគេដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង៕
Source ៖ ppp