ក្រុមហ៊ុន Vietjet ជាប់ឈ្មោះក្នុងចំណោមក្រុមហ៊ុនអា កាសចរណ៍ដែលមានសុវត្ថិភាព បំផុត លើពិភពលោក ដោយ AirlineRatings ខណៈការប្រកាសនេះធ្វើឡើងមិនដល់មួយខែទេ បន្ទាប់ពីក្រុមហ៊ុន Vietjet បានសម្ពោធ ជើងហោះហើរដំបូងរបស់ខ្លួនដោយភ្ជាប់ទីក្រុងបេតិកភណ្ឌនៅខេត្តសៀមរាបជាមួយទីក្រុងហាណូយ របស់ប្រទេសវៀតណាម ដោយពង្រីក និងពង្រឹងការតភ្ជាប់រវាងប្រទេសជិតខាងទាំងពីរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Vietjet។
ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា ក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន គេហទំព័រ AirlineRatings បានត្រួតពិនិត្យក្រុមហ៊ុនអាកាសចរណ៍ ពិភពលោកចំនួន ៣៨៥ ដោយពិចារណាលើកំណត់ត្រាឧប្បត្តិហេតុរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាយុកាល យន្តហោះ លទ្ធផលនៃការត្រួតពិនិត្យដែលធ្វើឡើងដោយស្ថាប័នគ្រប់គ្រងអាកាសចរណ៍ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងអាជ្ញាធរអាកាសចរណ៍ផ្សេងទៀត។ ក្រុមហ៊ុន Vietjet និងក្រុមហ៊ុនដែលផ្តល់សេវាកម្មក្នុងតម្លៃសមរម្យផ្សេងទៀតនៅក្នុង ពិភពលោក ត្រូវបានផ្តល់កិត្តិយសក្នុងការទទួលបានចំណាត់ថ្នាក់កំពូលទាំង ១០ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នាដោយផ្តោតលើ សេវាកម្មដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុនទាំងនោះចំពោះសុវត្ថិភាពហោះហើរសម្រាប់នាវិក និងអ្នកដំណើរ។
លោក Geoffrey Thomas និពន្ធនាយកក្រុមហ៊ុន AirlineRatings.com បានបញ្ជាក់ថា៖ «ការយកចិត្តទុកដាក់របស់ក្រុមហ៊ុន Vietjet ក្នុងការរក្សានូវវប្បធម៌សុវត្ថិភាពលើគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការគឺគួរឱ្យសរសើរ ជាពិសេសនៅពេលដែលក្រុមហ៊ុននេះកំពុងពង្រីក បណ្តាញហោះហើរយ៉ាងសកម្ម។ ការអនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពដ៏រឹងមាំ និងការអនុលោមយ៉ាងតឹងរ៉ឹងជាមួយបទប្បញ្ញត្តិអន្តរជាតិ បានរួមចំណែកដល់សូចនាករភាពជឿជាក់បច្ចេកទេសដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុនអាកាសចរណ៍។ នេះជាការធានាកម្រិតសុវត្ថិភាព ខ្ពស់បំផុតសម្រាប់ប្រតិបត្តិការរបស់ពួកគេក្នុងរយៈពេលជាច្រើនឆ្នាំ»។ បើតាមគេហទំព័រ AirlineRatings ក៏វាយតម្លៃក្រុមហ៊ុន Vietjet នៅកម្រិតផ្កាយប្រាំពីរដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពអាកាសចរណ៍ក្នុងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០១៨ មក។
ក្រុមហ៊ុន Vietjet បានបន្ថែមយន្តហោះថ្មីជាបន្តបន្ទាប់ និងសន្សំសំចៃប្រេងចំពោះជើងហោះហើររបស់ខ្លួន ជាមួយនឹងភាពជឿជាក់ ផ្នែកបច្ចេកទេសដល់ទៅ ៩៩.៧២% ក្នុងចំណោមប្រតិបត្តិករកំពូលៗក្នុងតំបន់ និងពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍ នេះកំពុង វិនិយោគឥតឈប់ឈរលើការបណ្តុះបណ្តាលវិស្វកម្មយន្តហោះ និងសេវាកម្ម MRO ដើម្បីធានាបាននូវស្តង់ដារខ្ពស់ បំផុតទាក់ទង នឹងសុវត្ថិភាព និងគុណភាព។ ក្នុងការផ្លាស់ប្តូរនាពេលថ្មីៗនេះ បណ្ឌិតសភាអាកាសចរណ៍ Vietjet Aviation Academy (VJAA) បានក្លាយជាដៃគូបណ្តុះបណ្តាលជាផ្លូវការនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដើម្បីធានាបាននូវកម្លាំងការងារ អាកាសចរណ៍ប្រកបដោយគុណភាពខ្ពស់។ បន្ថែមពីនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងក្រុមហ៊ុន Lao Airlines បានរួមកម្លាំងគ្នា ប្រតិបត្តិការមជ្ឈមណ្ឌលថែទាំយន្តហោះនៅអាកាសយាន ដ្ឋានអន្តរជាតិ Wattay ក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ កិច្ចសហការ នេះបង្កើនវិធីសាស្រ្តសកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះការគ្រប់គ្រងថែទាំយន្តហោះ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Vietjet បានប្រារព្ធពិធីសម្ពោធផ្លូវហោះហើរថ្មីមួយតភ្ជាប់ទីក្រុងហាណូយ ទីក្រុងរបស់ប្រទេស វៀតណាម ទៅកាន់ទីក្រុងដ៏រស់រវើកនៃទីក្រុងហុងកុងដែលជាផ្លូវហោះហើរអន្តរជាតិទី ៥ ដែលបានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ ២០២៣។ ជើងហោះហើរថ្មីនេះផ្តល់ឱ្យអ្នកដំណើរពីប្រទេសកម្ពុជាទៅកាន់ទីក្រុងហុងកុងដោយឆ្លងកាត់ទីក្រុងហាណូយ។
សូមជម្រាបជូនថា គេហទំព័រ AirlineRatings វាយតម្លៃសុវត្ថិភាព ផលិតផលក្នុងជើងហោះហើរ ហើយត្រូវបានប្រើប្រាស់ដោយ អ្នកដំណើររាប់លាននាក់មកពី ១៩៥ ប្រទេសហើយបានក្លាយជាស្តង់ដារឧស្សាហកម្មសម្រាប់សុវត្ថិភាព និងការវាយតម្លៃផលិតផល ផងដែរ៕
ប្រភព៖ AKP ដោយ៖ រិទ្ធី