ការប្រកាសជាផ្លូវការ៖ ខ្សែការពារ Ronald Araújo របស់ Barcelona បន្តកុងត្រារហូតដល់ខែមិថុនា ឆ្នាំ២០៣១
សេចក្តីថ្លែងការណ៍ផ្លូវការរបស់ Barcelona
ក្លឹប FC Barcelona និង Ronald Araújo បានឈានដល់កិច្ចព្រមព្រៀងបន្តកុងត្រារបស់គាត់រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០៣១។
កាលពីថ្ងៃព្រហស្បតិ៍ ខ្សែការពារកណ្តាលបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាផ្លូវការក្នុងអំឡុងពេលព្រឹត្តិការណ៍មួយដែលមានការចូលរួមដោយប្រធានក្លឹប Joan Laporta អនុប្រធានទីមួយ Rafa Yuste និងនាយកកីឡា Deco។
កិច្ចសន្យាពីមុនរបស់ Araújo ជាមួយ Barça នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៦ ប៉ុន្តែភាគីទាំងពីរបានបន្តវារយៈពេល ៥ឆ្នាំទៀត។ យោងតាមរបាយការណ៍មុននេះ Araújo ជិតចូលរួមជាមួយ Juventus ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវរងារ ប៉ុន្តែការបញ្ចុះបញ្ចូលរបស់លោក Deco បានដើរតួយ៉ាងសំខាន់ក្នុងការរក្សាគាត់ឱ្យនៅក្លឹបបន្ត។ បន្ទាប់ពីការរងរបួសរបស់ Iñigo Martínez កីឡាករ Araújo គាត់បានចាប់ផ្តើមបានយ៉ាង់ល្អជាមួយក្រុម។
Ronald Araújo វ័យ ២៥ឆ្នាំគឺជាខ្សែការពារកណ្តាលជនជាតិអ៊ុយរូហ្គាយដែលបានចូលរួមជាមួយក្លឹប Barcelona B នៅរដូវក្តៅឆ្នាំ ២០១៨ ក្នុងតម្លៃផ្ទេរ ៤.៧លានអឺរ៉ូ។ គាត់ត្រូវបានតម្លើងឲ្យមកលេងជាមួយក្រុមធំដំបូងក្នុងខែតុលា ឆ្នាំ២០២០។ Araújo បានបង្ហាញខ្លួន ១៥៥ លើកសម្រាប់ក្រុមធំរបស់ក្លឹប Barça ដោយស៊ុតបញ្ចូលទីបាន ៨គ្រាប់ និងផ្តល់ជំនួយ ៦ដង។ គាត់បានជួយក្លឹបឈ្នះជើងឯក La Liga ១ដង Copa del Rey ១ដង និង Spanish Super Cup ២ដង៕