កីឡាករ ឃីម ឌីម៉ា គីជាកីឡាករដែលស្វិតហើយធន់ វាយបាយគ្រប់ទម្រង់ ទាំងគុនខ្មែរ និង MMA ចំពោះគុនខ្មែរ ប្រភេទគីឡូ ៦៣,៥ វិញសឹងតែគ្មាន កីឡាករជួរមុខរូបណាម្នាក់ ដែលយកឈ្នះរូបគេបានឡើយ។

គួររំលឹកផងដែរថាកាលពី៦ឆ្នាំមុន ឃីម ឌីម៉ា គេក៏ធ្លាប់មានបញ្ហាវះកាត់សរសៃជង្គងម្តង់រួចមកហើយដែរ ក្រោយពីការប្រកួតជាមួយនឹងកីឡាករថៃដូចគ្នា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។


តែដោយមានឆន្ទៈជាអ្នកប្រយុទ្ធគុនខ្មែរ និងការស្រលាញ់ផង រូបគេក៏វិលចូលសង្វៀនវិញ មួយរយៈក្រោយមក កីឡាកររូបនេះតែងតែធ្វើអោយអ្នកគាំទ្រ មិនខកបំណងក្នុងការតាមដានទស្សនាការប្រកួតរបស់គេនោះទេ។

ទើបតែពីរប្រកួតចុងក្រោយរបស់គេដែលជាលទ្ធផលជួបនឹងកីឡាករ មកពីអាហ្រ្វិក (NCEDO COMBA) ចាញ់ដោយពន្ទុ បាត់បង់ខ្សែក្រវ៉ាត់ Krud Kunkhmer មួយគ្រឿង។

សម្រាប់ប្រកួតចុងក្រោយកាលពីថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅថ្មីៗ នេះប៉ះនឹងកីឡាករថៃ ឃុន សងខ្វែល កម្មវិធី Krud Kunkhmer ហើយនៅទឹកទីពីរូបគេក៏មានបញ្ហាត្រង់ជង្គង់ម្តងទៀត។

បើតាមការបញ្ជាក់ពីលោកគ្រូ ហេង ប៊ុនឃីម ជាគ្រូបង្ហាត់ និងជាឪពុងផងនោះ ថាបើតាមមើលស្ថានភាពអាការៈរបួសរបស់ ឌីម៉ា គឺត្រូវបញ្ចប់ត្រឹមនេះហើយ ព្រោះមើលតាមវ័យគាត់ និងរយៈពេលពីការព្យាបាលរបួសទៀតគឺមិនអាចបន្តទៀតបានទេ៕
ខ្មែរ
English








