ជារឿងយៗ ត្រីសាល់ម៉ុនត្រូវបានគេនិយមទទួលទានទាំងឆៅ ព្រោះសាច់ត្រីនេះមានរសជាតិផ្អែម ឆ្ងាញ់ និងមិនមានក្លិនឆ្អាបខ្លាំងដូចប្រភេទត្រីដទៃទៀត។
ត្រីសាល់ម៉ុនមានផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្គា 3 ខ្ពស់ វីតាមីន B និងជាប្រភពនៃប្រូតេអ៊ីនសំខាន់ៗ ដែលវាជាកំពូលអត្ថប្រយោជន៍ដល់សុខភាពរបស់អ្នក រួមមាន បង្កើនមុខងារខួរក្បាល បន្ថយហានិភ័យនៃការកើតជំងឺបេះដូង ដាច់សរសសៃឈាម និងធ្វើឱ្យដំណើរចង្វាក់បេះដូងលោតប្រក្រតី។
គ្រាន់តែឃើញសាច់ពណ៌ផ្កាឈូកភ្លឺប្លែកនៃចំណិតត្រីសាលម៉ុននៅលើចាន គឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យអ្នកស្រេកឃ្លានបាត់ទៅហើយ។ វាមានភាពរហ័ស និងងាយស្រួលក្នុងការរៀបចំអាហារប្រភេទនេះយ៉ាងខ្លាំង មិនថាអ្នកចម្អិនដោយចៀន ដុត ឬចំហុយទេ វានៅតែជាជម្រើសដ៏ល្អសម្រាប់អ្នកក្នុងថ្ងៃដ៏មមាញឹក។
ខាងក្រោមនេះ ជារូបមន្តមុខម្ហូប 3មុខសម្រាប់អ្នកក្នុងការចម្អិនត្រីសាល់ម៉ុន ប្រសិនបើអ្នកមិនចង់ទទួលទានទាំងឆៅស្រស់ៗ ៖
ត្រីសាល់ម៉ុនចំហុយ
ការចំហុយសាច់ត្រីសាល់ម៉ុន នៅក្នុងម៉ាស៊ីនចំហុយ (Steamer) គឺជាវិធីចម្អិនដែលមានភាពងាយស្រួល និងមិនចំណាយពេលយូរ ចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ជាពិសេសវានៅរក្សាសារធាតុចិញ្ចឹមរបស់ត្រីបានល្អ។ ដើម្បីធ្វើឱ្យរសជាតិនៃមុខម្ហូបកាន់តែឆ្ងាញ់ អ្នកអាចបន្ថែមចំណិតផ្លែល្ហុង ផ្សិត ឬផ្កាប្រូខូលី ហើយចុងក្រោយច្របាច់ទឹកក្រូចឆ្មារចូលជាការស្រេច។
ស៊ុបត្រីសាល់ម៉ុន
បន្ថែមប៉េងប៉ោះហាន់ជាចំណិតតូចៗរួច ដាក់កូរជាមួយទឹកប៉េងប៉ោះ នៅក្នុងឆ្នាំងហើយកូររហូតដល់ម៉ត់ចូលគ្នាចេះជាទឹកស៊ុបពណ៌ក្រហម រួចបន្ថែមដំឡូងបារាំង Celery និងខ្ទឹមស ហើយកូរចូលគ្នាឱ្យសព្វ។ ក្រោយមកបន្ថែមសាច់ត្រី សាល់ម៉ុនចូលទៅ… ជាតិតែមួយគត់នៃប៉េងប៉ោះនឹងធ្វើឱ្យស៊ុបនេះឆ្ងាញ់មិនគួរឱ្យជឿ។
ត្រីសាល់ម៉ុនចៀន
បើទោះបីជាអ្នកមិនសូវចេះធ្វើម្ហូប ប៉ុន្តែអ្នកអាចធ្វើអាហារពេលល្ងាចនេះក្នុងរយៈពេល 10 នាទីបានដែរ។ ដំបូងត្រូវកំដៅប្រេងអូលីវនៅក្នុងខ្ទះចៀនមួយ រួចចៀនត្រីសាម៉ុងទាំងសងខាងរហូតដល់រៀងក្រៀមឡើងពណ៌មាសត្នោត រួចសឹមបន្ថែមបន្លែតាមចំណង់ចំណូលដែលរបស់អ្នកអាចរួមមាន ល្ពៅ ការ៉ុត និងសណ្តែកជាដើម។ មុនពេលទទួលទាន គួរតែរោយអំបិល និងម្រេចដើម្បីបន្ថែមរសជាតិ។
គួរបញ្ជាក់ផងដែរថា ត្រីសាល់ម៉ុនក៏ជារបបអាហារចូលរួមក្នុងការសម្រកទម្ងន់ និងរក្សាទម្ងន់ឱ្យនៅស្ថេរ ជាពិសេសជួយដល់សុខភាពស្បែកស្អាត ព្រោះសាល់ម៉ុនសម្បូរទៅដោយប្រូតេអ៊ីនគ្រប់មុខ និងវីតាមីនជាច្រើនប្រភេទ។