ឥទ្ធិពលនៃទម្លាប់អូសបន្លាយពេលវេលាអាចធ្វើឱ្យមានការប៉ះពាល់ និងអាក់ខានដល់ការសម្រេចកិច្ចការងាររបស់អ្នក ម៉្យាងក៏អាចពន្យារកិច្ចការងាររបស់អ្នកហូតដល់រយៈពេលផុតកំណត់ផងដែរ។ ការពន្យាពេលគឺជាទម្លាប់អាក្រក់មួយ ព្រោះវានាំមកនូវផលអវិជ្ជមានចំពោះផ្លូវជីវិត និងផ្នត់គំនិតរបស់អ្នក។ គន្លឹះនៃភាពជោគជ័យគឺ ភាពរហ័សរហួសក្នុងការចាប់ផ្តើម ឆាប់បញ្ចប់ នោះអ្នកនឹងទទួលបានភាពឈានមុខគេជានិច្ចក្នុងការបំពេញការងារផ្សេងៗ។
ធ្វើខ្លួនជាមនុស្សមានការទទួលខុសត្រូវ
ការទទួលបន្ទុកលើការងារផ្សេងៗគឺជាវិធីដ៏ល្អដើម្បីមានបទពិសោធន៍បន្ថែមទាក់ទងនឹងភាពជោគជ័យ។ ពេលដែលមានកំហុសឆ្គងការងារអ្វីមួយកើតឡើង ប្រាកដណាស់គឺជាមនុស្សតែម្នាក់ដែលត្រូវបានស្តីបន្ទោស ប៉ុន្តែសូមកុំចុះចាញ់ និងអាក់អន់ចិត្តប្រសិនបើអ្នកបានព្យាយាមអស់ពីសមត្ថភាពហើយនោះ។
កុំនៅស្ងៀមមួយកន្លែង
ការនៅមួយកន្លែងមិនទៅណាអាចធ្វើឱ្យគំនិតរបស់អ្នកជាប់ទ្រឹង និងមិនមានការផ្លាស់ប្តូរថ្មីឡើយ។ ការផ្លាស់ទី ឬបើកចិត្តទទួលយកអ្វីដេលថ្មីៗអាចជួយឱ្យអ្នកមានគំនិតស្រស់ថ្លា និងមិនស្ពឹកស្រពន់។
កត់ត្រានូវអ្វីដែលអ្នកត្រូវធ្វើ
អ្នកនឹងមានអារម្មណ៍ថាស្កប់ស្កល់នៅពេលដែលអ្នកបើកបញ្ចីរាយកិច្ចការងារភ្ទាល់ខ្លួន រួចអ្នកបានបញ្ចប់ការងារនោះហើយ។ មិនយូរទេអ្នកនឹងមានកម្លាំងចិត្តក្នុងការបន្តបំពេញបង្ហើយកិច្ចការបន្ទាប់ៗ ហើយអ្នកនឹងទទួលបានការកោតសសើរដែលជាកម្លាំងចិត្តដ៏ធំធេងទៅលើផ្លូវអារម្មណ៍។
សម្រាក
សូមកុំសម្លឹងមើលទៅអេក្រង់កុំព្យូទ័រ ឯកសារ ឬសៀវភៅយូរពេក។ ក្រោកឈរដើរចុះឡើង រកអាហារសម្រន់ញុំា ធ្វើលំហាត់ប្រាណចំនួន៥នាទីដើម្បីឱ្យអ្នកមានអារម្មណ៍ស្វាង រួចសឹមចាប់ផ្តើមធ្វើការងារបន្តទៀត។
កាត់បន្ថយការមើលបណ្តាញទំនាក់ទំនងសង្គម
ប្រសិនបើអ្នកដឹងថាវាអាចបង្កការអាក់ខានដល់ការងាររបស់អ្នក សូមកាត់បន្ថយការប្រើប្រាស់។ កែប្រែទម្លាប់នេះ ដោយផ្តល់រង្វាន់ដល់ខ្លួនក្នុងការចូលរួមកម្មវិធីពិសេសៗជាមួយក្រុមគ្រួសារ ឬមិត្តជិតស្និត និងមិត្តរួមក្រុមការងារជាដើម។
ចូលគេងពីព្រលប់
ខួរក្បាលរបស់អ្នកត្រូវការពេលសម្រាកដូចគ្នា។ ចូលអនុញ្ញាតឱ្យវាសម្រាកនៅពេលដែលរាងកាយចាប់ផ្តើមបញ្ចេញសញ្ញាងងុយ គេងឱ្យស្ងប់ស្ងល់រួចចាប់ផ្តើមបន្តបំពេញកិច្ចការរបស់អ្នកឡើងនៅថ្ងៃស្អែក នោះទើបអ្នកមានអនុភាពក្នុងការប្រកបការងារបន្តទៀត។
កំសាន្តជាមួយចម្រៀងពិរោះៗ
តន្រ្តីអាចធ្វើឱ្យអ្នកមានអារម្មណ៌ល្អ។ ក្រោយការបញ្ចប់ការងាររួច អ្នកអាចស្តាប់ចម្រៀងដើម្បីលួងលោមចិត្តអ្នកតាមអត្ថន័យនិងសំណៀងនៃបទនីមួយៗនោះ។
ស្វែងរកការលើកទឹកចិត្ត
ពាក្យលើកទឹកចិត្ត ពិតជាមានសារៈសំខាន់ចំពោះមនុស្សម្នាក់ៗ ពាក្យទាំងនោះបានបណ្តុះនូវកម្លាំងចិត្តចិត្តយ៉ាងមុះមុត ជម្រុញទឹកចិត្តឱ្យមានការពុះពារតស៊ូក្នុងការសម្រេចកិច្ចការនានា។