នៅក្នុងរដូវភ្លៀង ការរីករាលដាលឆ្លងមេរោគបាក់តេរីលើស្រទាប់ស្បែកខាងក្រៅ អាចមានហានិភ័យខ្ពស់ខ្លាំង ដោយសារសភាពស្បែករបស់អ្នកទទួលរងភាពសើមឥតឈប់ឈរ ព្រមទាំងមានធូលីដីកង្វក់តោងជាប់ ដូច្នេះហើយទើបមានការពន្លឿនការកើតមុន។ ថ្វីត្បិតតែការជ្រើសរើសផលិតផលថែរក្សាសម្រស់បានត្រឹមត្រូវ អាចជួយកាត់បន្ថយផលប៉ះពាល់នៃអាកាសធាតុមកលើស្បែកក៏ពិតមែន ប៉ុន្តែការបញ្ចូលសារធាតុចិញ្ចឹមល្អៗទៅក្នុងរបបអាហារ មិនត្រឹមតែជួយឲ្យស្បែកមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងអាចរារាំងការកើតមុនផងដែរ។
ដើម្បីពង្រឹងរនាំងការពារស្បែកប្រឆាំងនឹងការកើតមុននៅរដូវភ្លៀង អ្នកគួរតែទទួលទានសារធាតុចិញ្ចឹមសំខាន់ៗដូចខាងក្រោម ៖
អាស៊ីតខ្លាញ់អូមេហ្គា 3
វាគឺជាភ្នាក់ងារប្រឆាំងនឹងការរលាក និងកាត់បន្ថយការផលិតជាតិខ្លាញ់ហួសបរិមាណ បន្ថែមពីនេះសារធាតុមួយប្រភេទនេះក៏បានចូលរួមរក្សាសំណើមដល់ស្បែក ពង្រឹងរនាំងការពារស្បែក។ អ្នកអាចរកអាស៊ីតអូមេហ្គា 3 បាននៅក្នុងអាហារដូចជា ត្រីសាម៉ុន ត្រីសាឌីន..។
សារធាតុប្រឆាំងអុកស៊ីតកម្ម
សារធាតុនេះមានតួនាទីប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបំផ្លាញស្បែករបស់អ្នក បណ្តាលឱ្យកើតមុន។ វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មបានដ៏ល្អ ព្រមទាំងបង្កើនកូឡាជែន និងកាត់បន្ថយស្នាម។ អ្នកអាចទទួលទានជាប្រភេទផ្លែឈើរួមមាន ផ្លែក្រូច ឃីវី ស្រ្តប៊ឺរី..។
ជាតិស័ង្កសី
ស័ង្កសី ជាសារធាតុរ៉ែដ៏សំខាន់ដែលមានតួនាទីជួយថែរក្សាស្បែកឱ្យមានសុខភាពល្អ វាអាចជួយកាត់បន្ថយស្បែកឡើងក្រហម រលាកស្បែក និងជួសជុលស្បែកខូច។ អាហារដែលមានជាតិស័ង្កសី មានដូចជា គ្រាប់ធញ្ញជាតិ ផលិតផលផ្សំពីទឹកគោ។ល។
ជាតិទឹក
ជាតិទឹក គឺមានសារសំខាន់បំផុតចំពោះរូបរាងកាយ។ ជាតិទឹកអាចរក្សាសីតុណ្ហភាពរាងកាយបានយ៉ាងល្អ និងការពារស្បែករបស់អ្នកពីការកើតមុនបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ ជួយឲ្យស្បែកមុខភ្លឺថ្លា ជាពិសេសជួយបណ្តេញជាតិពុលពីរាងកាយ។ អាហារដែលសម្បូរទៅដោយជាតិទឹកច្រើនមានដូចជា ឪឡឹក ក្រូច Celery ជាដើម។
ប្រូបាយអូទិក
តើអ្នកដឹងទេ? ការទទួលទានប្រូបាយអូទិក ក៏មានសារសំខាន់ចំពោះស្បែករបស់អ្នកផងដែរ ព្រោះសុខភាពពោះវៀនមានទំនាក់ទំនងជាមួយសុខភាព កាលណាពោះវៀនមានបញ្ហា នោះអាចបង្កការរលាក និងកើតមានបញ្ហាស្បែកផ្សេងៗ។ ដូច្នេះ អ្នកគួរតែទទួលទានជាតិប្រូបាយអូទិក ដើម្បីជួយរក្សាតុល្យភាព Microbic ពោះវៀន ហើយអាហារទាំងនោះមាន ទឹកដោះគោជូរ..។