ជាទូទៅ ការធ្វើដំណើរកំសាន្ត គឺជាបទពិសោធន៍ដែលពោរពេញទៅដោយសេចក្តីត្រេកត្រអាល និងរីករាយជាទីបំផុត។ ការសម្រាកពីការងារប្រចាំថ្ងៃ ការបន្ធូរបន្ថយអារម្មណ៍ពីសម្ពាធការងារ ធ្វើដំណើរវិសម្សកាលទៅកាន់រមណីយដ្ឋានណាមួយ (បើទោះបីដំណើរកំសាន្តទៅកាន់ប្រទេសដទៃ) គឺជាគំនិតផ្តល់នូវក្តីរីករាយដែលអ្នកអាចដកឃ្លាពីការគិតរបស់ខួរក្បាលអ្នក និងធ្វើឱ្យអ្នកអស់នូវទុក្ខកង្វល់បានខ្លះ។
ប៉ុន្តែក៏នៅមានបញ្ហាសង្គមខ្លះៗដែលនៅតែកើតមានរហូតមក ដូចជា ការរំលោភនូវសេពសន្ធវៈ ចោរកម្ម និងអំពើហិង្សាដែលកើតមានពាសពេញពិភពលោក អ្វីដែលសំខាន់អ្នកត្រូវយល់ដឹងអំពីក្បួនរក្សាសុខសុវត្ថភាពក្នុងការធ្វើដំណើរ និងចេះប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីបរវាសចៀសឆ្ងាយពីបញ្ហាទាំងនោះ មិនថានៅបរទេស ឬនៅក្នុងស្រុកទេសរបស់ខ្លួន។
សូមធ្វើការអានសេចក្តីណែនាំខាងក្រោម ដែលឡេឌីស៍ចែកជូនជាចំណេះដឹងប្រុងប្រយ័ត្នខ្លះៗក្នុងការរក្សាសុវត្ថិភាពនៃដំណើរកំសាន្តដ៏មានន័យរបស់អ្នក ៖
- ពិនិត្យពិច័យម្តងហើយម្តងទៀត
សូមចាប់ផ្តើមទម្លាប់ពិនិត្យពិច័យទៅលើទ្រព្យរបស់អ្នក នៅពេលចាកចេញទៅណាមកណាដោយអាចការពារករណីបាត់បង់។ ឧទាហរណ៍ នៅពេលអ្នកក្រោកចេញពីហាងកាហ្វេ ស្រាប់តែអ្នកមិនបានយកទូរសព្ទដៃរបស់អ្នកពីលើតុកាហ្វេ ដោយហេតុអ្នកមិនបានពិនិត្យឱ្យសព្វគ្រប់ជ្រុងជ្រោយ តើអ្នកសោកស្តាយប៉ុណ្ណាទៅក្នុងការបាត់បង់របស់ផ្ទាល់ខ្លូន? ដូច្នេះ សូមបង្កើតទម្លាប់ពិនិត្យមើលរបស់របររបស់អ្នកឱ្យបានច្បាស់លាស់មុនពេលចាកចេញពីទីតាំងកន្លែងណាមួយ ចៀសវាងការបាត់បង់ដោយអចេតនា។
- ទុកប្រាក់កាក់ឱ្យដាច់ដោយឡែកពីគ្នា
នៅពេលធ្វើដំណើរកំសាន្ត សូមទុកប្រាក់កាក់របស់អ្នកជាប់នឹងខ្លួនតាមកន្លែងផ្សេងៗដាច់ដោយឡែកពីគ្នា។ អ្នកអាចទុកដាក់នៅក្នុងហោប៉ៅសម្លៀកសំពាក់ កាបូបតូចៗនៅកន្លែងលាក់កំបាំងក្នុងកាតាបធ្វើដំណើររបស់អ្នក ការធ្វើបែបនេះដើម្បីធានាថា នៅពេលមានករណីអំពើចោរកម្មកើតឡើង អ្នកនឹងនៅតែមានប្រាក់ខ្លះនៅសល់។ ជាការឆ្លាតវៃបន្ថែម អ្នកអាចទុកប្រាក់កាក់ខ្លះនៅកន្លែងដែលអ្នកស្នាក់នៅ ដើម្បីប្រើប្រាស់នាពេលចាំបាច់ណាមួយ។
- កុំបង្ហាញទ្រព្យឱ្យគេឃើញខ្លាំងពេក
នៅពេលធ្វើដំណើរកំសាន្ត បើមិនចាំបាច់ កុំសូវបង្ហាញទ្រព្យរបស់មានតម្លៃឱ្យគេឃើញច្រើនពេក កុំឱ្យមានការកើតឡើងនូវអំពើចោរកម្ម។ ដើម្បីចៀសវាងចោរលូកហោប៉ៅ ឬចោរឆក់របស់មានតម្លៃផ្សេងៗ សូមកុំពាក់គ្រឿងអលង្ការ និងរបស់មានតម្លៃជាប់ខ្លួនច្រើនពេក។ ការដើរលេងសប្បាយ អ្នកមិនចាំបាច់ទាល់តែបំពាក់នូវគ្រឿងអួតសំញែងឱ្យគេមើលមកថាអ្នកជាអ្នកមានទ្រព្យស្តុកស្តម្ភឡើយ។
- ថតចម្លងឯកសារផ្សេងៗ
ស្គែនឯកសារធ្វើដំណើរសំខាន់ៗដូចជា លិខិតឆ្លងដែន ទិដ្ឋការ អត្តសញ្ញាណប័ណ្ណ និងប័ណ្ណធានារ៉ាប់រងទេសចរណ៍ ហើយរក្សាទុកនៅក្នុងគណនេយ្យអ៊ីម៉ែលឱ្យបានល្អ។ អ្នកក៏អាចទុកឯកសារទាំងនេះនៅកន្លែងដែលមានសុវត្ថិភាពផ្សេងៗទៀតដូចជា នៅក្នុងវ៉ាលីស ឬកាតាបផ្ទាល់ខ្លួន។
- សុវត្ថិភាពចំពោះមនុស្សប្លែកមុខ
សូមប្រុងប្រយ័ត្ននៅពេលដែលមានមនុស្សប្លែកមុខដើរមករកអ្នក។ ទោះបីជាគេទំនងមិនផ្តល់ទុក្ខទោសដល់អ្នកក៏ដោយ ក៏អ្នកត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច សូម្បីតែបុគ្គលម្នាក់នោះមានឥរិយាបទស្រគត់ស្រគំក្តី គេក៏អាចមានលទ្ធភាពក្នុងការកេងយកចំណេញលើអ្នក និងទាញយកនូវផលប្រយោជន៍អ្វីមួយពីអ្នកផងដែរ។ ប្រសិនបើអ្នកទទួលអារម្មណ៍ថាគ្មានសុវត្ថិភាព សូមដើរចេញពីបុគ្គលម្នាក់នោះឱ្យឆាប់ និងទៅរកទីកន្លែងណាមួយដែលមានសុវត្ថិភាពសម្រាប់អ្នក។
- ធានារ៉ាប់រងដោយខ្លួនឯង
អ្នកប្រហែលជាគិតថាមិនចាំបាច់ប៉ុន្មានទេ ប៉ុន្តែជាការប្រសើរអ្នកគួរតែមានធានារ៉ាប់រងដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន ជាជាងការសោកស្តាយក្រោយនៅពេលមានបញ្ហាកើតឡើង។ របួស ឬជំងឺផ្សេងៗអាចកើតមានឡើងគ្រប់ពេល ហើយអ្នកប្រាកដជាត្រូវការសេវាសុខភាព កុំឱ្យមានការចំណាយប្រាក់ច្រើននៅស្រុកគេ។ ចូរគិតទៅដល់សុខុមាលភាពរបស់អ្នកនៅពេលអានាគត ហើយបង់ថ្លៃសេវាកម្មធានារ៉ាប់រងសុខភាព ទើបអ្នកលែងមានក្តីបារម្ភនៅពេលធ្វើដំណើរកំសាន្ត។
- ចាក់ថ្នាំជំងឺបង្ការឆ្លង
ពិភាក្សាជាមួយវិជ្ជបណ្ឌិត ដើម្បីចាក់ថ្នាំបង្ការជំងឺឆ្លង មុនពេលធ្វើដំណើរកំសាន្តនិងមានពេលគ្រប់គ្រន់ល្មមរវាងពេលរៀបចំផែនការកំសាន្ត និងពេលចេញដំណើរកំសាន្តដើម្បីអាចមានពេលណាត់ជួបជាមួយវេជ្ជបណ្ឌិត។ តំបន់ទេសចរណ៍ខ្លះ អាត្រាជំងឺឆ្លងគឺខ្ពស់ ហើយជាការសំខាន់ អ្នកត្រូវយល់ដឹងអំពីការការពារខ្លួនពីជំងឺទាំងនោះដែលអាចដូចជា ជំងឺគ្រុនចាញ់ ឬជាជំងឺ COVID 19 ជាដើម។
- ប្រព័ន្ធជួយការពារ
អ្នកជាស្រី្តភេទ វាពិតជាសំខាន់បំផុតដែលត្រូវមាននរណាម្នាក់អាចជួយការពារសុខសុវត្ថិភាពអ្នកបាន។ នេះមិនមែនមានន័យថា ស្រ្តីមិនអាចធ្វើដំណើរកំសាន្តតែម្នាក់ឯងនោះទេ ប៉ុន្តែសូមមានការប្រុងប្រយ័ត្នខ្ពស់នាពេលរាត្រី ឬនៅកន្លែងស្ងាត់។ ត្រូវស្នាក់នៅកន្លែងដែលមានមនុស្សរស់នៅច្រើន បង្កើនភាពរវាសរវៃ និងកុំឱ្យមានកេរ្តិ៍ឈ្មោះទៅអាក្រក់នៅក្នុងស្រុករបស់គេ។ ពិភពលោកពោរពេញទៅដោយមនុស្សអាក្រក់ជាច្រើនមានគោលបំណងកេងយកប្រយោជន៍ពីអ្នក ដូច្នេះសូមកុំឱ្យជនទាំងនោះឆ្លៀតឱកាសធ្វើបាបអ្នកបាន។
- គោរពច្បាប់ទម្លាប់
ក្រិត្យក្រមនៃការស្លៀកពាក់នៅក្នុងសង្គម មានលក្ខណៈខុសៗគ្នានៅទូទាំងពិភពលោក។ នៅតំបន់ខ្លះនៃពិភពលោក ត្រូវបានហាមឃាត់ដាច់ខាតចំពោះស្ទាយ៍នៃសម្លៀកបំពាក់មួយចំនួន ដូចនេះ សូមអ្នកស្វែងយល់ពីក្រិត្យក្រមនៃការស្លៀកពាក់ឱ្យបានច្បាស់លាស់ (ទាំងផ្លូវការ និង មិនផ្លូវការ) របស់របទសង្គមដែលប្រជាជនរស់នៅទីនោះ។
- នៅពេលជួបគ្រោះថ្នាក់
ក្នុងករណីដែលគេបានវាយប្លន់អ្នក (អ្នកអាចឱ្យកាបូប នាឡិកាដៃ ឬរបស់ផ្សេងៗទៀតដែលគិតថាមិនសូវមានតម្លៃទៅជនទុច្ចរិតទាំងនោះ) កុំចាំបាច់តតាំង ឬឆក់ដណ្តើមរបស់ទាំងនោះមកវិញអី។ ទោះបីជាពិបាកអនុវត្តតាមវិធីបែបនេះក្តី ប៉ុន្តែអ្នកអាចគិតថា ការបាត់បង់ទ្រព្យសម្បត្តិបន្តិចបន្តួច គឺប្រសើរជាជាងទទួលរងរបួសដែលពិបាកនឹងព្យាបាល ឬជួបបញ្ហាធ្ងន់ធ្ងរជាងហ្នឹង។ ជាការសំខាន់មួយទៀត អ្នកត្រូវសិក្សាអំពីឃ្លាសំខាន់ៗដូចជា “ជួយ!” “ភ្លើង!” “ឈប់!” ជាភាសាតំបន់ដែលប្រើប្រាស់នៅទីកន្លែងដែលអ្នកទៅទស្សនា និងជាពិសេសគឺស្គាល់ស្ថានីយ៍ប៉ូលីសឱ្យបានច្បាស់។