ថ្ងៃ Valentine Day នៅក្នុងប្រទេសកូរ៉េខាងត្បូង មិនមានអត្ថន័យដូចគ្នាទៅនឹង Valentine Day នៅក្នុងប្រទេសដទៃទៀតនៅលើពិភពលោក ទេ។ ប្រទេសអាស៊ី មួយនេះតែងតែមានថ្ងៃបុណ្យនៅរៀងរាល់ថ្ងៃទី 14 ជារៀងរាល់ខែ។ ស្តាប់ទៅហាក់ចម្លែកបន្តិច ប៉ុន្តែនេះជាវប្បធម៌ និង ប្រពៃណីរបស់ប្រជាជនកូរ៉េខាងត្បូង។
នៅថ្ងៃទី 14 ខែកុម្ភៈ គេហៅវាថាជាថ្ងៃ Valentine’s Day។ នៅថ្ងៃនេះ ជាពេលដែលស្រ្តី ទិញសូកូឡា ដើម្បីជូនទៅកាន់បុរស ហើយជាប្រពៃណី បុរសដែលទទួលបានកាដូពីស្រ្តី នឹងទិញកាដូជូនស្រ្តីវិញ នៅថ្ងៃទី 14 ខែបន្ទាប់ ពោលគឺខែ មិនា ដែលគេហៅវាថាជាថ្ងៃ White Day។ នៅតាមហាងលក់ទំនិញ មានការតាំងបង្ហាញនូវ សូកូឡា និង ស្កសូកូឡា ជាដើម ព្រោះនេះជាវត្ថុអនុស្សាវរីយ៍ ដ៏ពេញនិយម ដែលគេតែងទិញឱ្យគ្នា នៅក្នុងថ្ងៃ Valentine Day នៅប្រទេសកូរ៉េខាងត្បូង។
នៅថ្ងៃទី 14 ខែមិនា គេហៅវាថាជាថ្ងៃ White Day។ ថ្ងៃបុណ្យ White Day នេះបានប្រព្រឹត្តធ្វើឡើងដំបូងបង្អស់នៅក្នុងប្រទេសជប៉ុន ហើយក្រោយមកវប្បធម៌នេះបានឆ្លងមកដល់ប្រទេសកូរ៉េផងដែរ។ White Day ជាថ្ងៃដែលបុរស ទិញកាដូ ជូនស្រ្តីវិញម្តង ដោយកាដូសំខាន់ៗ និង ពេញនិយមមានដូចជាសូកូឡាពណ៌ស និង ខោអាវក្នុង ជាដើម។ កាយវិការនេះបង្ហាញពីការតបស្នងរបស់បុរសទៅកាន់ស្រ្តី បន្ទាប់ពីស្រ្តីបានទិញកាដូជូន កាលពីថ្ងៃបុណ្យ Valentine Day កន្លងទៅ។ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ គេឃើញថា កាដូ ដែលគេទិញជូនគ្នា លែងមានជាពណ៌សសុទ្ធទៀតហើយ ដោយគេអាចប្រើពណ៌ ខ្មៅ ថែមមួយទៀត។ ឧទាហរណ៍ នំសូកូឡាខ្មៅ និង ខោអាវក្នុងពណ៌ខ្មៅ បានក្លាយជារបស់ពេញនិយមផងដែរ សម្រាប់បុរសទិញជូនស្រ្តីនៅក្នុងថ្ងៃ White Day។
នៅថ្ងៃទី 14 ខែមេសា គេហៅវាថាជាថ្ងៃបុណ្យ Black Day។ ហាក់ខុសប្លែកគ្នាដាច់ស្រឡះពី Valentine Day និង White Day ថ្ងៃបុណ្យ Black Day នេះគេធ្វើវាឡើងជាពិសេសសម្រាប់អ្នកនៅលីវ ឫ និយាយតាមភាសាពេញនិយមបច្ចុប្បន្នថា អ្នក Single។ អ្នកមិនទាន់មានគូ បានរៀបចំកម្មវិធីហូប មីខ្មៅ (Black Noodle) ជាមួយនឹងមិត្តភក្តិដទៃផ្សេងទៀតដែលនៅលីវ ដូចគ្នា។
ចំពោះថ្ងៃបុណ្យផ្សេងទៀត ដែលប្រព្រឹត្តធ្វើឡើងនៅរៀងរាល់ថ្ងៃ 14 ទៅតាមខែនីមួយៗ មានដូចជា ៖
ខែ មករា Dairy Day
ខែ កុម្ភៈ Valentine Day
ខែ មិនា White Day
ខែ មេសា Black Day
ខែ ឧសភា Rose Day
ខែ មិថុនា Kiss Day
ខែ កក្កដា Silver Day
ខែ សីហា Green Day
ខែ កញ្ញា Photo Day
ខែ តុលា Wine Day
ខែ វិច្ឆិកា Movie Day
ខែ ធ្នូ Hug Day